ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងលោក សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។
លោក សំហេង បុរស គឺជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងជាកូនប្រុសលោក អ៊ិត សំហេង អតីតក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ចាប់ពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៣ ខណៈបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រៅពីកាន់ការងាររដ្ឋ លោក សំហេង បុរស ក៏ជាអនុប្រធានសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញផងដែរ។
គួររម្លឹកផងដែរថា កាលពីឆ្នាំ២០២១កន្លងទៅ លោក សំហេង បុរស ក៏ត្រូវបានអង្គមហាសន្និបាទ ជ្រើសរើសឱ្យធ្វើជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ជំនួសលោក អ៊ុក សិទ្ធិជាតិ ដែលបានលាលែង នៅពាក់កណ្តាលអាណត្តិទី ៧។
តាមប្រវត្តិ លោក សំហេង បុរស គឺជាអ្នកនិយមលេងកីឡាច្រើនប្រភេទ ដូចជាកីឡាវាយកូនគោល កីឡារត់ប្រណាំង កីឡាបេសស្បល ជាពិសេស ក្នុងឆ្នាំ២០១៩ លោកបានចូលប្រកួតរត់ប្រណាំងចម្ងាយ ១០ គីឡូម៉ែត្រ នៅខេត្តសៀមរាប និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយ ២១ គីឡូម៉ែត្រ ក្នុងឆ្នាំ ២០២០៕