រដ្ឋាភិបាល បានបង្ហាញក្តីរំពឹងទុកថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥.៤% ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើង នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេច បានក្នុងរង្វង់៦.៦%។ នេះបើតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីនេះ។

សារាចរណែនាំដដែល បានគូសបញ្ជាក់ថា សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានបង្កផលប៉ះពាល់ ដោយប្រយោលដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេសប្រេងឥន្ធនៈ និងវត្ថុធាតុដើមកសិកម្ម រួមមាន ជី និងថ្នាំសម្លាប់សត្វល្អិត ជាដើម។ ទន្ទឹមនេះ, ការកើនឡើងថ្លៃជារួម បានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ដោយឡែក សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦.៦% ផងដែរ ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។

ជាមួយគ្នានេះ រដ្ឋាភិបាលបានឲ្យដឹងថា ក្នុងឆ្នាំ២០២២នេះ អតិផរណាត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងរង្វង់ ៥.០% ដោយសារការកើនឡើង ខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពី សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្រាប់ឆ្នាំ២០២៣ អតិផរណាត្រូវបានរំពឹងថា នឹងថមថយមកវិញក្នុងរង្វង់ ២.៥% ដោយសារការរំពឹងទុកនូវការវិលត្រឡប់ ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។
គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងសេដ្ឋកិច្ចកម្ពុជានេះដែរ កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក (World Bank) ក៏បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥% នៅឆ្នាំ២០២២នេះ កើន ៥.៨% នៅឆ្នាំ២០២៣។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣ផងដែរ៕ អត្ថបទ៖ រង្សី