ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែរៀបចំ ពិធីរកត្រីរួមគា្នក្នុងបឹងអភិរក្ស ទៅតាមទំនៀមទម្លាប់របស់អ្នកភូមិ ដែលពិធីនេះគេធ្វើជារៀងរាល់ ឆ្នាំមិនខាន ដើម្បីចាប់ត្រីមកទុកសម្រាប់ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា។
លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២០ថា ពិធីរកត្រីឆ្នាំនេះ គឺអ្នកភូមិបានឯកភាពគ្នាកំណត់យកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដើម្បីចុះចាប់ត្រីនៅក្នុងបឹងដែលបានអភិរក្ស ប៉ុន្តែប្រជាពលរដ្ឋដែលអាចចុះចាប់ត្រី នៅក្នុងបឹងនេះ គឺបានសម្រាប់តែអ្នកភូមិបង្កោងប៉ុណ្ណោះ សម្រាប់អ្នកភូមិផ្សេងមិនត្រូវបានអនុញ្ញាតឱ្យចុះចាប់នោះទេ។
លោក ពេជ្រ ឃិន បានបញ្ជាក់ថា ក្រោយពីប្រកូសប្រកាសឱ្យនេសាទ អ្នកភូមិបានត្រៀមនូវឧបករណ៍សម្រាប់នេសាទបែបបុរាណ មានសំណាញ់ ឈ្នាង អង្រុត ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ឆក់នោះទេ។ លោកបន្ដថា កម្មវិធីនេសាទត្រីនេះនឹងចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹកដោយមានគណៈកម្មការចាំប្រកាសមេក្រូ និងបាញ់កាំជ្រួញជាសញ្ញា។ លោកបន្ថែមថា អ្នកភូមិដែលមកនេសាទទាំងអស់នោះមិនផ្តោតតែលើរកត្រីមួយមុខនោះដែរ គឺមកជួបជុំ សប្បាយរីករាយ និងមានសាមគ្គីភាពកាន់តែស្និទ្ធស្នាលរវាងប្រជាជននៅក្នុងភូមិថែមទៀតផង។
សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នករស់នៅក្នុងតំបន់អង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន៕ AKP