កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ទឹម ផានូ ជាអភិបាលនៃគណៈអភិបាល ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោក ហុក ម៉ារ៉ាឌី ដែលត្រូវផ្លាស់ទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ។ តើលោក ទឹម ផានូ ធ្លាប់កាន់តួនាទីអ្វីខ្លះ មុនទទួលបានតំណែងជាអភិបាលក្រុងនេះ?

អភិបាលក្រុងវ័យក្មេងរូបនេះ បានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋដំបូង កាលឆ្នាំ២០១៥ ដែលពេលនោះជាមន្ត្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ។ បន្ទាប់មកនៅឆ្នាំ២០១៨ លោក ទឹម ផានូ បានផ្ទេរទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយកាន់តួនាទីជាអនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត។ នៅឆ្នាំ២០១៩ លោកក៏ទទួលបានមុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងច្បារមន មុននឹងទទួលបានតំណែងជាអភិបាលក្រុងច្បារមន នៅឆ្នាំ២០២២នេះ។

លោក ទឹម ផានូ ដែលបច្ចុប្បន្នមានឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ១ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យវេស្ទើន។ លោកក៏ធ្លាប់ជានិស្សិតផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក រយៈពេល១ឆ្នាំផងដែរ៕
