ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជាឥឡូវនេះតម្រូវឲ្យប្រើឈ្មោះដែនក្នុងស្រុកដូចជា .com.kh សម្រាប់គេហទំព័រ និងអាសយដ្ឋានអ៊ីមែលរបស់ពួកគេ។ ឈ្មោះដែនមានសុពលភាពរយៈពេលមួយឆ្នាំ មុនពេលពួកគេត្រូវបានបន្តសុពលភាព។ អាជីវកម្មនានាមានរយៈពេលរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមបទប្បញ្ញត្តិនេះ។

បើតាមសេចក្តីជូនរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីពេលថ្មីនេះ បានតម្រូវឲ្យប្រើប្រាស់ឈ្មោះដែនជាតិ .com.kh និងការផ្តល់អាសយដ្ឋានអេឡិចត្រូនិកឈ្មោះដែនជាតិ នៅពេលប្រកាសប្រតិវេទន៍ប្រចាំឆ្នាំ។
សេចក្ដីជូនដំណឹងដដែល បានឲ្យដឹងទៀតថា អនុលោមតាមមាត្រា៧ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម អំពីការធ្វើប្រតិវេទន៍ប្រចាំឆ្នាំ និងមាត្រា៧ នៃអនុក្រឹត្យលេខ ២៨៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអឺនធឺណិត បានកំណត់ ឲ្យក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ប្រើប្រាស់ឈ្មោះដែនជាតិកម្រិតទី២ប្រភេទ .com.kh ហើយត្រូវផ្តល់អាសយដ្ឋាន អេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh នេះ នៅពេលធ្វើប្រតិវេទន៍ប្រចាំឆ្នាំ ទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុន នៅក្រសួងពាណិជ្ជកម្ម។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏សូមឲ្យក្រុមហ៊ុន ដែលបានចុះបញ្ជីពាណិជ្ជកម្ម ហើយពុំទាន់បានប្រើប្រាស់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh នៅឡើយ ត្រូវប្រញាប់រួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះ ដែនជាតិកម្រិតទី២ ប្រភេទ .com.kh នៅនិយ័តករទូរគមនាគមន៍កម្ពុជា៕ អត្ថបទ៖ រង្សី