រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញហុងកុងឲ្យពិចារណា លើការអភិវឌ្ឍគម្រោងធំៗរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើហុងកុងឲ្យពិចារណា លើការអភិវឌ្ឍគម្រោងដឹកជញ្ជូនសំខាន់ៗរបស់កម្ពុជា ខណៈកម្ពុជាកំពុងត្រូវការទុនវិនិយោគ ប្រមាណ៥០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ដើម្បីដំណើរការគម្រោងធំៗ ប្រមាណ៣៣០គម្រោង។ នេះបើតាមជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញក្តីសង្ឃឹមថា គណៈប្រតិភូការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មហុងកុង នឹងពិចារណាលើការអភិវឌ្ឍគម្រោងសំខាន់ៗរបស់កម្ពុជា។ លោកបន្តថា ក្នុងទុនវិនិយោគ ប្រមាណ៥០ពាន់លានដុល្លារនេះដែរ គឺត្រូវបានលើកឡើងនៅក្នុងផែនការមេភស្តុភារកម្ម ដើម្បីចូលរួមចំណែកក្នុងការបង្កើនឧត្តមភាពប្រកួតប្រជែងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូនរបស់កម្ពុជា។

ជាការឆ្លើយតបវិញ គណៈប្រតិភូការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង លោក Sheung Yuen Lee ក៏បានឲ្យដឹងថា ជំនួបនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ ប្រទេសកម្ពុជា ក៏ដូចជាដើម្បីវាយតម្លៃអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគឱ្យបានទូលំ ទូលាយនៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះដែរ លោកក៏សូមថ្លែងអំណរគុណដល់រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលនឹងចូលរួមកិច្ចប្រជុំកំពូលលើកទីប្រាំពីរនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហុងកុងខាងមុខផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើនេះ ទាំងកម្ពុជា និងហុងកុង ក៏បានបង្ហាញជំនឿយ៉ាងមុតមាំដែរថា កិច្ចប្រជុំកំពូលគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវនេះ នឹងនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី៕