រដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីជួយប្រែក្លាយទីក្រុងសៀមរាប ឱ្យទៅជាទីក្រុងឆ្លាតវៃ ពីបញ្ហាបរិស្ថាន និងសណ្ដាប់ធ្នាប់។

គម្រោងនេះ បានប្រកាសនៅក្នុងជំនួបរវាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាមួយលោក AKABA Kazuyoshi រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន នៅទីស្ដីការក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ័ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ នៅប្រទេសជប៉ុន។

ក្នុងឱកាសនោះដែរ ក្រៅពីការជួយរៀបចំទីក្រុងឆ្លាតវៃ នៅខេត្តសៀមរាប លោក AKABA Kazuyoshi រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក៏បានប្ដេជ្ញានៅក្នុងការជួយរៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុងសៀមរាប ក៏ដូចជា ការតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងសំខាន់ៗ របស់ប្រទេសជប៉ុន មកកាន់ខេត្តសៀមរាប ដែលជាទឹកដីអច្ឆរិយៈ ក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀតមកកម្សាន្តនៅកម្ពុជា ជាពិសេសរកចំណូលជូនកម្ពុជា និងសេដ្ឋកិច្ចផងដែរ៕


