រមណីយដ្ឋានធម្មជាតិ ថ្មរូង ដែលមានទេសភាពដ៏ទាក់ទាញជាមួយនឹងទឹកហូរលើថ្ម និងអាចកម្សាន្តងូតទឹកលេងយ៉ាងសប្បាយក្បែរផ្លូវជាតិលេខ៤ (ផ្លូវទៅខេត្តព្រះសីហនុ) ពុំទាន់មានអ្នកដំណើរដឹងច្រើននោះទេ។

លោកស្រី រី ស្រីពីន អាជីវករលក់ដូរនៅតំបន់នេះ បានឱ្យដឹងថា ថ្មរូង មានទឹកហូរស្ទើរគ្រប់រដូវកាល ប៉ុន្តែនៅរដូវវស្សាបែបនេះ គឺកាន់តែមានទឹកច្រើន និងមានអ្នកមកកម្សាន្តជាហូរហែ។ លោកស្រី បានបន្ថែមថា នៅថ្ងៃធម្មតា (ចន្ទ-សុក្រ) ពុំសូវមានភ្ញៀវទេសចរនោះទេ ប៉ុន្តែបើថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យ មានភ្ញៀវច្រើនគួរសម។

រីឯលោក គឹម ជ័យរិទ្ធ មន្ត្រីផ្នែកសន្តិសុខរបស់សហគមន៍ថ្មរូងនេះ បានបញ្ជាក់បន្ថែមឱ្យដឹងថា ថ្ងៃធម្មតាមានភ្ញៀវត្រឹមតែពី២០ ទៅ៣០រថយន្តអីប៉ុណ្ណោះ ប៉ុន្តែបើថ្ងៃបុណ្យ ឬចុងសប្តាហ៍អាចនឹងមានដល់ទៅ ១០០រថយន្ត។ លោកបន្តថា កត្តាទាំងនេះដោយសារតែសហគមន៍ពុំទាន់ផ្សព្វផ្សាយឱ្យគេស្គាល់ទូលំទូលាយ ព្រោះអ្នកដំណើរតាមផ្លូវជាតិលេខ៤ ជាច្រើន ពុំបានចាប់អារម្មណ៍នោះទេ ដែលធ្វើឱ្យពួកគេទៅហួស មកហួស។

តំបន់ទេសចរណ៍មួយនេះ មានឈ្មោះថា “សហគមន៍ព្រៃឈើធម្មជាតិថ្មរូង” ស្ថិតនៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ ចម្ងាយប្រហែល១១៥គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវគ្រួសក្រហមប្រមាណ ៧គីឡូម៉ែត្រ នឹងដល់កន្លែងកម្សាន្តមួយនេះ៕



