សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបើកច្រកអន្តរជាតិធំមួយ រួមទាំងបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅទីតាំងកោះថ្ម «X16» ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាកន្លែងប្រវត្តិសាស្រ្តដ៏ជួរចត់បំផុតរបស់សម្តេច។

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន ដែលត្រូវបានសាងសង់នៅតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែររួមមាន៖ អគារវេទិកាអចិន្ត្រៃយ៍, សាងសង់ទីលានបាល់ទាត់, ជីកស្រះមួយ, សាងសង់ប្រាង្គ និងចម្លាក់ព្រះអង្គគោកធ្លក, សាងសង់សាលាដំណាក់, សាងសង់អគារមិត្តភាព និងការសម្ពោធដាក់ឱ្យប្រើប្រាស់សារមន្ទីរកោះថ្មទំហំ ៧ម៉ែត្រ គុណ ១៨ម៉ែត្រ ដើម្បីតម្កល់ឯកសារវត្ថុតាង នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបង្ហាញពីសច្ចភាពប្រវត្តិសាស្ត្រសម្រាប់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ និងឈ្វេងយល់បន្ថែមទៀត។

នាពេលខាងមុខទីតាំងកោះថ្ម «X16» ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ នឹងបើកច្រកអន្តរជាតិធំ រួមទាំងបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសផងដែរ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន៕




