ក្រុមហ៊ុនថៃឈ្មោះAviation Maintenance Expert Enterprise Co,.Ltd បានបង្ហាញបំណងរបស់ខ្លួន អំពីពីគំរោងបើកសាលាបង្រៀនជំនាញអាកាសយានិក (Pilot) និងជំនាញជួសជុល និងថែទាំយន្តហោះ (Engineer maintenance) នៅកម្ពុជា ខណៈកម្ពុជាកំពុងខ្វះធនធានមនុស្សលើជំនាញនេះ ។
នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនថៃ Aviation Maintenance Expert Enterprise Co,.Ltd. ដឹកនាំដោយលោក Nirawat Sirikanchana, Minister Counsellor នៃស្ថានទូតថៃប្រចាំនៅកម្ពុជា និង លោកស្រី ខែក ខេមរ៉ាត អគ្គនាយិការក្រុមហ៊ុនPrivate Jet ( JFT Jet ) កាលពីពេលថ្មីៗនេះ។
នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកហឿន សំនៀងបានមានប្រសាសន៍ឲ្យដឹងថា កិច្ចពិភាក្សានេះ បានលើកឡើង អំពីការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក រវាងវិទ្យាស្ថាន និងក្រុមហ៊ុន Aviation Maintenance ដែលក្រុមហ៊ុនមានបំណងស្វែងរកដៃគូរក្នុងប្រទេសកម្ពុជា ដើម្បីបើកជាសាលាបណ្តុះបណ្តាល ឬកម្មវិធីបណ្តុះបណ្តាលទាក់ទងយន្តហោះ។
លោកបន្ថែមដូច្នេះថា “បើកសាលាបង្រៀនអាកាសយានិក និងជំនាញជួសជុល និងថែទាំយន្តហោះនេះ ជាគម្រោងរបស់ខាងក្រុមហ៊ុនថៃ Aviation Maintenance ដោយក្រុមហ៊ុននេះបានស្នើសុំជួបវិទ្យាស្ថាន ដើម្បីពិភាក្សាកិច្ចការងារនេះ ខណៈក្រុមហ៊ុន Private Jet (JFT Jet) គឺជាក្រុមហ៊ុនក្នុងស្រុក ដែលប្រតិបត្តិការអាជីវកម្មលើផ្នែកនេះ ដូច្នេះក្រុមហ៊ុនមានព័ត៌មានអំពីតម្រូវការទីផ្សារ ចំពោះអ្នកជំនាញនៅក្នុងផ្នែកអាកាសយានិក ជួសជុល និងថែទាំយន្តហោះ»។
យ៉ាងណា លោកហឿន សំនៀង ក៏បានបញ្ជាក់ទៀតថា “ក្រុមហ៊ុននៅថៃ និងស្ថានទូតថៃ បានចាប់ផ្តើមសិក្សាលទ្ធភាព ស្តីពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន ឬដៃគូផ្សេងៗទៀត ដើម្បីធ្វើការងារនេះ តែយ៉ាងការងារនេះជាលទ្ធផល គឺមិនទាន់សម្រេចបានអ្វី ជាដុំកំភួននៅឡើយទេ គឺក្រុមហ៊ុនត្រូវការសិក្សាស្រាវជ្រាវបន្ថែមទៀត»។
ជាមួយគ្នានេះ លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកាក្រុមហ៊ុនPrivate Jet ( JFT Jet) ក៏បានឲ្យដឹងដែរថា ការចាប់អារម្មណ៍របស់ក្រុមហ៊ុន Aviation Maintenance នេះ គឺដោយសារតែក្រុមហ៊ុន បានមើលឃើញកាលានុវត្តភាពលើវិស័យអាកាសចរណ៍នេះ បន្ទាប់ពីប្រទេសថៃ និងកម្ពុជា បានបើកដំណើរការសេដ្ឋកិច្ចពេញលេញឡើងវិញដូចគ្នា។
គួរបញ្ជាក់ដែរថា ក្នុងជំនួបពិភាក្សានោះផងដែរ លោក ហឿន សំនៀង ក៏បានជម្រាបជូនគណប្រតិភូ ដោយសង្ខេបអំពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ-វិស្វករ លើជំនាញទាំង៦ ព្រមទាំងកម្មវិធីបណ្តុះបណ្តាលទាំងជំនាញផ្នែកបច្ចេកទេស និងផ្នែកទន់ ក្រោមរូបភាពកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា។
ទន្ទឹមគ្នានោះក្រុមហ៊ុនក៏បានសូមអញ្ចើញលោក នាយកវិទ្យាស្ថានទៅទស្សនៈកិច្ចនៅក្រុមហ៊ុនAviation Maintenance Expert Enterprise Co,.Ltd ដោយផ្ទាល់នៅប្រទេសថៃផងដែរ៕