ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គឺជាទិវាប្រវត្តិសាស្ត្រ ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រារព្វខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុវជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងសារលិខិត នៃឱកាសខួបលើកទី១៥ ទិវាអតីតយុវជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ អតីតយុវជនចំនួន ១០៣ ៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០ ៥៣៩នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០ មក រាជរដ្ឋាភិបាលបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់ ៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ ៦៤ម៉ឺនរៀល ក្នុងមួយខែ។

យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើងប្រាក់សោធន៍និវត្តដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន៕