មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសជប៉ុន។
ពិធីនេះ ក៏មានការចូលរួមជាភ្ញៀវកត្តិយសដោយផ្ទាល់ពីឥស្សរជនជាន់ខ្ពស់ជាច្រើនរបស់ជប៉ុន និងតំណាងស្ថាប័នគាំទ្រពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សមាគមអាជីវកម្ម ក្រុមហ៊ុន ជាច្រើនផ្សេងទៀត។
លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅជប៉ុន បានឡើងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងAtsugi នៃខេត្តKanagawa ប្រទេសជប៉ុន គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃកម្ពុជាប្រចាំប្រទេសជប៉ុនជាស្ពានសម្របសម្រួល ហើយមជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្នានសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។
លោកឯកអគ្គរាជទូត បញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានេះ ត្រូវបានអនុញ្ញាតិជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្របតាមគោលនយោបាយការទូតសេដ្ឋកិច្ចកម្ពុជា ដើម្បីគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា។
ជាមួយគ្នានេះ លោក ទុយ រី បានជម្រាបអង្គពិធីអំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការស្ដារសេដ្ចកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ រួមមាន៖ (១) ភាពជោគជ័យលើការគ្រប់គ្រងកូវីដ១៩ តាមការចាក់វ៉ាក់សាំងការពារបានយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋទូទាំងប្រទេសក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, (២) ការសម្រេចបានសមិទ្ធិផលថ្មីៗ បន្ថែមទៀតក្នុងកាលៈទេសៈកូវីដ១៩ គឺការសាងសង់ព្រលានយន្តហោះថ្មីចំនួន៣ (ភ្នំពេញថ្មី សៀមរាប និងកោះកុង) ការសាងសង់ផ្លូវល្បឿនលឿនថ្មី១ខ្សែភ្នំពេញ-ខេត្តព្រះសីហនុ, (៣) ការអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ នាខែតុលា ឆ្នាំ២០២១ និងការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP ដែលជប៉ុនជាសមាជិកដ៏សំខាន់មួយ, និង(៤) ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងជប៉ុន ក្នុងការអភិវឌ្ឍបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគី ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។
ទន្ទឹមនឹងនោះ លោកឯកអគ្គរាជទូត បានធ្វើការវាយតម្លៃខ្ពស់អំពីតួនាទីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដែលជាស្ពានសម្រាប់ផ្សារភ្ជាប់ កាន់តែល្អប្រសើរថែមទៀត នូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនោះ លោកបានថ្លែងអំណគុណចំពោះ ក្រុមហ៊ុន Kojima Holding Co., Ltd សហគមន៍ខ្មែរនៅជប៉ុន, ក្រសួងស្ថាប័នជំនាញ បានគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ស្មារតី ឯកសារ សម្ភារៈ និងការសម្របសម្រួលគ្រប់ទំរង់ រួមចំណែកធ្វើអោយកើតជារូបរាងឡើង មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា Atsugi ដ៏ស្រស់ល្អ ដំបូងគេលើទឹកដីជប៉ុន នៅពេលនេះ៕