រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន បានស្នើទៅកាន់ World Bank ឲ្យជួយលើ៣ចំនុចធំៗ ដើម្បីជំរុញគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងជំនួបនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការគាំទ្រឲ្យក្រុមការងារពាក់ព័ន្ធ និងក្រុមការងារ WB រួមសហការគ្នាធ្វើការសិក្សាលម្អិតបន្ថែមអំពីតម្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករ ធ្វើយ៉ាង ណាឲ្យស្របទៅនឹងបរិបទនៃស្ថានភាពសេដ្ឋកិច្ចសកល និងជាពិសេសស្ថានភាពនៃវិបត្តិជំងឺឆ្លង កូវីដ-១៩ ដែលមានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម បានស្នើចំនួន ៣ ចំនុចធំៗ ទៅកាន់ធនាគារពិភពលោក ក្នុងនោះ រួមមាន៖
ទី១- ពិនិត្យលើប្រព័ន្ធស្រោចស្រពដែលប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់ បន្ថយការចំណាយលើថ្លៃភ្លើង និងប្រេងឥន្ទន:។
ទី២- ពិនិត្យលទ្ធភាពជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មដំណាំ មានបន្លែផងដែរ ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម រួមទាំងទីផ្សារ និងការកែច្នៃផងដែរ។
ទី៣- ជួយជាកម្ចីឲ្យដល់សមាគមចិញ្ចឹមសត្វ បណ្តុំកសិករចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ដើម្បីយកទៅពង្រីកផលិតកម្មចិញ្ចឹមសត្វ លើកកម្ពស់ការផ្គត់ផ្គង់សាច់ និងស៊ុតឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។
ជាការឆ្លើយតប លោកស្រី ចំរើន មុទិតា អ្នកដឹកនាំក្រុមការងាររបស់ធនាគារពិភពលោក ក៏បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា គម្រោងនេះនឹងបង្កើតបានផ្លែផ្កាស្របតាមផែនការដែលបានគ្រោងទុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលបញ្ចប់អាណត្តិ។
គួរបញ្ជាក់ដែរថា នៅក្នុងជំនួបខាងលើនេះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានផ្តល់មតិឲ្យក្រុមការងារគម្រោងសិក្សាលើលទ្ធភាពរបស់សហគមន៍ដើម្បីជួយពង្រឹងសមត្ថភាព ចំណេះជំនាញ បទពិសោធន៍ ការងារដឹកនាំ និងគ្រប់គ្រង រដ្ឋបាល គណនេយ្យ និងហិរញ្ញវត្ថុ ក្នុងបំណងប្រែក្លាយសហគមន៍កសិកម្ម ឬសហគមន៍ចិញ្ចឹមសត្វឲ្យទៅ ជាសហគ្រា កសិធុរកិច្ចនៅជនបទ ក្នុងឆន្ទ:រក្សាឲ្យបាននូវនិរន្តរភាពផលិតកម្ម និងម្ចាស់ការក្រោយពេលគម្រោងត្រូវបានបញ្ចប់ផងដែរ៕