សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន សម្តែងការគាំទ្រអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ក្រោម ៥លានដុល្លារចុះ ខណៈដែលពីមុនគឺត្រឹម ២លានដុល្លារប៉ុណ្ណោះ។
បើតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិក ចុះនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន បានគាំទ្រយ៉ាងពេញទំហឹងលើការបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីពង្រីកអនុម័តគម្រោងវិនិយោគនៅតាមបណ្តារាជធានីខេត្តឲ្យកាន់តែធំ ដែលកាលមុនទំហំទឹកប្រាក់ត្រឹមតែ ២លានដុល្លារចុះក្រោម ឥឡូវបានបង្កើនដល់ ៥លានដុល្លារចុះក្រោម គឺជារឿងមួយល្អ ដែលខេត្តអាចអនុម័តគម្រោងរបស់ខ្លួន ក្នុងការទាក់ទាញវិនិយោគិនបង្កើតរោងចក្រ សហគ្រាស បង្ខិតដល់តាមបណ្តាខេត្ត ដែលជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ដែលមិនចាំបាច់ធ្វើការចំណាក់ស្រុក។
លោកថា មិនត្រឹមតែប៉ុណ្ណោះ រោងចក្រ សហគ្រាស ក៏មានភាពងាយស្រួលក្នុងការដឹកជញ្ជូនវត្ថុធាតុដើមនៅក្បែរច្រកនាំចូលវត្ថុធាតុដើមពីប្រទេសជិតខាង ដើម្បីកែច្នៃ និងនាំចេញទៅវិញផងដែរ។ ទោះជាបែបក្តីនេះ ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ផងដែរនូវអ្វីដែលជួបឧបសគ្គនៅតំបូងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺនៅផ្នែកបច្ចេកទេស ដែលមន្រ្តីត្រូវការបណ្តុះបណ្តាលបន្ថែម ប៉ុន្តែវាជារឿងដែលល្អសម្រាប់វិស័យឯកជន។
ទន្ទឹមនឹងលោកឧកញ៉ា ក៏សូមអំពាវនាវដល់បណ្តារាជធានីខេត្ត ត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការទាក់ទាញវិនិយោគមកកាន់បណ្តាខេត្តរបស់ខ្លួន។
ឧកញ៉ា លឹម ហេង ថ្លែងថា៖ «ខ្ញុំសូមស្នើឲ្យគណៈអភិបាលរាធានីខេត្តទាំងអស់មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការទាក់ទាញវិនិយោគមកកាន់កម្ពុជា តាមការអំពាវនាវរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលតែងតែគៀងគរពីបរទេសមកវិនិយោគក្នុងប្រទេសកម្ពុជា ដូច្នេះអ្វីដែលមកដល់ខេត្តហើយយើងត្រូវខំថែរក្សានិងលើកទឹកចិត្តវិនិយោគិនទាំងនោះថែមទៀត ដើម្បីឲ្យវិនិយោគិនហៅមិត្តភ័ក្រ ឬអ្នកវិនិយោគដទៃមកបណ្តាក់ទុននៅតាមបណ្តារាជធានីខេត្ត»។
«សភាពាណិជ្ជកម្មកម្ពុជា កន្លងទៅក៏ធ្លាប់ស្នើសុំទៅរដ្ឋាភិបាលឲ្យអនុម័តក្រោម ១០លានដុល្លារចុះ ប៉ុន្តែតាមការអនុម័តគម្រោងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC កន្លងមកទូទាំងប្រទេសប្រមាណជា ៧៥%ដែលមានគម្រោងក្រោម ៥លានដុល្លារចុះ ដូច្នេះជារឿងមួយដែលយើងអាចទទួលយកបាន ហើយនឹងធ្វើការទាំងអស់គ្នាដើម្បីជំរុញវិនិយោគទៅកាន់រាជធានីខេត្ត»។ ឧកញ៉ាបន្ថែម។
ជុំវិញការបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តនេះដែរល អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍ ប្រធាននៃមជ្ឈមណ្ឌលសិក្សាចិន បានសង្កត់ធ្ងន់ថា តាមពិតទៅកិច្ចការងារនេះត្រូវធ្វើប្រតិភូកម្មទៅឲ្យថ្នាក់ក្រោមជាតិយូរមកហើយ ប៉ុន្តែដោយសំអាងថាថ្នាក់ក្រោមជាតិមិនមានធនធានគ្រប់គ្រាន់ទើបបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជាទទួលខុសត្រូវលើការវិនិយោគនេះដដែល។
លោកថ្លែងថា៖ «ឥឡូវនេះយើងឃើញថានៅក្នុងកម្រិតនៅការវិនិយោគខ្នាតតូចៗ ត្រឹម៥លានដុល្លារចុះក្រោម គឺរាជរដ្ឋាភិបាលផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកិច្ចការនេះបានធ្វើម្តងរួចទៅហើយការលើកមុននេះ»។
បើតាមបណ្ឌិត គី សិរីវឌ្ឍ ការធ្វើប្រតិភូកម្មនេះ គោលបំណងសម្រាប់ជំរុញឲ្យការវិនិយោគបានលឿនប្រសើរជាងមុន ហើយវិនិយោគឲ្យចំតម្រូវការ ព្រោះថ្នាក់ក្រោមជាតិគឺជាអ្នកដែលស្គាល់នៅតម្រូវការការងារ និងភូមិសាស្រ្តដែលត្រូវវិនិយោគ៕