ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដល់រដ្ឋបាលខេត្តរាជធានីទាំងអស់ត្រូវ មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ដូចតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលតែងតែកៀងគរវិនិយោគពីបរទេសមកវិនិយោគនៅកម្ពុជា។

ការអំពាវនាវនេះធើ្វឡើងស្របពេលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។ ឧកញ៉ា លឹម ហេង ថាតាមរយៈអនុក្រឹត្យនេះឲ្យបណ្ដាខេត្ត រាជធានី មានភាពទទួលខុសត្រូវខ្ពស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការទាក់ទាញវិនិយោគ មកកាន់បណ្ដាខេត្ត រាជធានីរបស់ខ្លួន។
ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង បានបញ្ជាក់ថា សភាពាណិជ្ជកម្ម បានគាំទ្រពេញទំហឹងចំពោះការបង្កើនទំហំទឹកប្រាក់វិនិយោគ ដែលអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានសិទ្ធិអនុម័តគម្រោងវិនិយោគ នៅតាមបណ្តាខេត្តនីមួយក្រោម៥លានដុល្លារ ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន ទទួលបានការអនុម័ត គម្រោងកាន់តែលឿន និងងាយស្រួលជាងមុន។
ឧកញ៉ា លឹម ហេង បន្តថា ការចេញអនុក្រឹត្យថ្មី ផ្តល់សិទ្ធិដល់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អាចអនុម័តគម្រោងវិនិយោគទំហំទឹកប្រាក់ ដល់ក្រោម៥លានដុល្លារនេះ គឺជារឿង មួយដែលសភាពាណិជ្ជកម្មគាំទ្រ ខណៈដែលកាលពីមុនអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានសិទ្ធិអនុម័តគម្រោងមានទំហំទុនវិនិយោគត្រឹម២ លានដុល្លារចុះក្រោមប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ ឧកញ៉ា លឹម ហេង ក៏រំពឹងថា អនុក្រឹត្យថ្មីនេះ នឹងជួយឱ្យខេត្តនីមួយៗទាក់ទាញវិនិយោគិន ទៅតាមបណ្តាខេត្តរបស់ខ្លួន ដើម្បីបង្ខិតរោងចក្រទៅតាមខេត្តនីមួយៗ ដែលជាការជួយកាត់បន្ថយចំណាកស្រុកពីខេត្តមករាជធានី ឬទៅក្រៅប្រទេស។ លើសពីនេះក៏នឹងសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការប្រមូលទិញវត្ថុធាតុដើមនៅតាមច្រកព្រំដែន ឬប្រមូលទិញវត្ថុធាតុដើមពីក្នុងខេត្តរបស់ខ្លួន ដើម្បីកែច្នៃ និងនាំចេញ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានចេញអនុក្រឹត្យ បង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដែលមានអក្សរកាត់ អ.គ.វ.រ.ខ. ជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។
សមាភាពនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ គឺជាប្រធាន និងអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ចំនួន១រូប គឺជាអនុប្រធាន និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនជាសមាជិក។
អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រឹត្យដោយឡែក និងស្របតាមច្បាប់វិនិយោគនៃកម្ពុជា៕