គម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ក្នុងថវិកាចំនួន ១១០លានដុល្លារ កំពុងដំណើរការជាបណ្តើរៗហើយ ខណៈដែលគម្រោងទាំងមូល គឺគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម ១៩ + ៧០០) និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

គោលបំណងនៃការចុះពិនិត្យនេះធ្វើឡើងដើម្បីធានាឱ្យគុណភាពនៃសំណង់ផ្លូវនេះអនុលោមតាម បទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា ក្នុងថវិកាចំនួន១១០លានដុល្លារនេះ ត្រូវបានបែងចែកចេញជាការងារចំនួន៧កញ្ចប់ ក្នុងនោះ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង ដោយ ឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ក្រុមហ៊ុនកំពុងតែរៀបចំបញ្ជូន គ្រឿងចក្រសម្ភារៈមកសាងសង់ ឯចំណែក២កញ្ចក់ទៀត ក្រសួងកំពុងស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពជ្រើសរើសក្រុមហ៊ុន ដែលបានដាក់ដេញថ្លៃសាងសង់ដើម្បីពង្រីកស្ពាន ចំនួន៤៨កន្លែងឱ្យបាន១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន៨កន្លែង។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បាន ទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក សម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានាភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។ ការងារស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦៕
