ភ្នំពេញ ៖ លោក គល់ តុលា ថៅកែដីឡូតិ៍ ដង្ខៅ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងគម្រោងជាច្រើនហិកតាស្ថិតនៅខេត្តកំពង់ស្ពឺ ស្របពេលដែលប្រជាពលរដ្ឋកំពុងមានក្តីព្រួយបារម្ភទាក់ទងជំងឺឆ្លងដោយសារមេរោគកូរ៉ូណាថ្មីនោះ, លោកបានប្រកាសចែកម៉ាស់ចំនួនប្រមាណជាង១ម៉ឺនម៉ាស់ ដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ដីឡូតិ៍ខ្លួនស្ថិតនៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី កំពង់ស្ពឺ។
លោក គល់ តុលា ថៅកែដីឡូតិ៍ បានបញ្ជាក់ថា សកម្មភាពនេះលោកនឹងចាប់ផ្តើមធ្វើឡើង(ចែក)នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ស្អែកនេះ ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះក្នុងបញ្ចៀសបញ្ហាជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ លោកថា នេះគឺជាសកម្មភាពខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខណៈពេលដែលក្រសួងសុខាភិបាលនិងរដ្ឋាភិបាល ក៏កំពុងអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នលើករណីនេះផងនោះ។
ថៅកែដីឡូតិ៍វ័យក្មេងរូបនេះ បានបន្ថែមថា លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីនេះ។ ម្យ៉ាងទៀតស្នើឲ្យអ្នកម៉ាស់ទាំងអស់កុំឆ្លៀតឱកាសដំឡើងថ្លៃគ្រាដែលប្រទេសជិតខាងគេកំពុងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋគេតាមរយៈការចែកម៉ាស់និងទម្លាក់តម្លៃដើម្បីជួយសម្រួលសុខភាពប្រជាជនគេ។
សូមជម្រាបថា ប្រទេសចិនពេលនេះបានចាប់ផ្តើមពង្រីកការរឹតត្បិតការធ្វើដំណើរយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃច័ន្ទទី២៧ ខែមករាឆ្នាំ២០២០នេះ ហើយបានពន្យារថ្ងៃឈប់សម្រាកសាធារណៈដើម្បីទប់ទល់នឹងការរាតត្បាតនៃមេរោគកូរ៉ូណាវីរុស។ ប្រភពបន្តថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាវីរុស បានកើនឡើងដល់៨០នាក់ ចំណែកអ្នកឆ្លងជំងឺនេះនៅទូទាំងពិភពលោកបានកើនឡើងដល់ ២ ៧៤៤នាក់ហើយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន The Japan Times៕