ក្រុមហ៊ុន Booyoung Group បានលើកឡើងអំពីការបើកគម្រោងសាងសង់អគារសាលារៀន និងសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកានៅកម្ពុជា។

នេះបើយោងតាមជំនួបសម្ដែងការគួរសមរវាង អគ្គនាយកក្រុមហ៊ុន Booyoung Group ជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលថ្ងៃទី២២ ខែមិថុនា ២០២២។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអគ្គនាយកក្រុមហ៊ុន Booyoung Group បានលើកឡើងអំពីការបើកគម្រោងសាងសង់អគារសាលារៀន និងសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកាដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា ក៏ដូចជាបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកាក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា បាន បង្ហាញការគាំទ្រដល់គម្រោងបើកសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបើកសាកលវិទ្យាល័យបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកា។
ឯកឧត្តម ក៏បានចាត់ទុកថា គម្រោងនេះនឹងជួយលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជាក្នុងរូបភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ក៏ដូចជាបង្កើតឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា ដោយក្រសួងអប់រំ យុវជន និងកីឡានឹងជួយគាំទ្រគម្រោងនេះឲ្យបានជោគជ័យ៕

