លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានបង្ហើបប្រាប់ពីទីតាំងណាល្អ ដែលគួរអភិវឌ្ឍវិស័យខុនដូ នាពេលអនាគត ខណៈដែលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំឡើង។

ក្នុងបទសម្ភាស៍ជាមួយឧកញ៉ាញូស៍ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ លោក ឡោ វិចិត្រ បានលើកឡើងថា ទីផ្សារខុនដូ ជាទីផ្សារសម្រាប់ពេលអនាគត រយៈពេលពី៣ឆ្នាំ ទៅ៥ឆ្នាំខាងមុខ។ ដូច្នេះយើងត្រូវមើលទីតាំងណា ដែលនឹងមានការកកស្ទះចរាចរណ៍ខ្លាំង នាពេលអនាគត ហើយស្ថិតនៅកណ្តាលក្រុង ប៉ុន្តែមិនមែនកណ្តាលក្រុងនាពេលបច្ចុប្បន្ននោះទេ ពោលគឺត្រូវមើលឱ្យឃើញថា តើ៣ឆ្នាំឬ៥ឆ្នាំខាងមុខ តំបន់ណានឹងក្លាយជាចំណុចកណ្តាលក្រុង។

លោកបានបញ្ជាក់បន្ថែមថា៖ «បច្ចុប្បន្ននេះ បើយើងនិយាយពីកណ្តាលក្រុង គឺយើងនឹកឃើញតំបន់បឹងកេងកងមុនគេ តែបើនិយាយពី៣ឆ្នាំ ឬ៥ឆ្នាំទៀត កណ្តាលក្រុងនឹងស្ថិតនៅតំបន់មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយសារមានព្រលានយន្តហោះថ្មី ព្រោះពេលភ្ញៀវចុះពីយន្តហោះមុនគេ នឹងឆ្លងកាត់តំបន់នេះ ដូច្នេះតំបន់ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាទីក្រុងរណបថ្មី។ រាជរដ្ឋាភិបាល ក៏បានកំណត់យកតំបន់ទិសខាងត្បូង (ខណ្ឌមានជ័យ) ដើម្បីពង្រីកទីក្រុងផងដែរ»។

គួររម្លឹកថា នៅក្នុងឆ្នាំ២០៣៥ ខាងមុខ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថាអាចនឹងឡើងដល់ ៦លាននាក់ ផងដែរ។ នេះបើយោងតាម អនុក្រឹត្យ ស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥» ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕
