ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសអំពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ។
ក្រសួងការងារបានបញ្ជាក់ថា ការពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួល នឹងធ្វើទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖
* ខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
* ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី
* ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣
* ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។
ក្រសួងការងារ បានណែនាំឱ្យ គ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយយោងលើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដូចមានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា សម្របសម្រួលផ្ទៃក្នុង និងទទួលបានគោលជំហររួមមួយ។
គ្រប់ភាគីទាំងអស់ក៏ត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល នៅគ្រប់កិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់កុំឱ្យមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕