គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ពីចាប់ពីព្រែកក្តាម ខេត្តកណ្តាល) ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ គិតមកទល់ពេលនេះសម្រេចបាន៨០ភាគរយហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៣។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម)កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិនិង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ និងគ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។
គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក ។
ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ(AC) និងមានសួរច្បារកណ្តាល។
គម្រោងនេះមានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិតក្នុង កំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែង៕

