ក្នុងទិវាយោគៈអន្តរជាតិ លើកទី៨ ដែលបានប្រព្រឹត្តិទៅនៅបរិវេណព្រះលានជល់ដំរី នៃប្រាសាទអង្គរធំ ក្រុងសៀមរាប កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ អ្នកជំនាញរបស់ឥណ្ឌា បានលើកឡើងថា ការធ្វើយូហ្កា (Yoga) មិនត្រឹមតែជួយដល់ សុខ ភាពផ្លូវកាយ ផ្លូវចិត្តប៉ុណ្ណោះទេ Yoga ក៏បានជួយលើកស្ទួយសន្តិភាពក្នុងពិភពលោកថែមទៀត។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង៥០០នាក់ លោក Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងថា ការធ្វើយោគៈ គឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ មានដើមកំណើតនៅប្រទេសឥណ្ឌា ដោយពាក្យថា “យោគ” នេះមកពីសំស្ក្រឹត និងមានន័យថាចូលរួមឬរួបរួម។សំខាន់ជាងនេះ យោគៈ គឺលើកស្ទួយនូវសន្តិភាព ក្នុងពិភពលោកដែលស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiva | Kutumbakam ដែលមានន័យថា “ពិភពលោកគឺជាគ្រួសារតែមួយ”។
លោក បន្តថា យោគៈ និង Ayurveda ដែលជាប្រព័ន្ធវេជ្ជសាស្ត្ររបស់ឥណ្ឌាកំពុងមានការពេញនិមយ និងមានប្រសិទ្ធិខ្ពស់ បន្ទាប់ពីមានការប្រើប្រាស់ជាច្រើនសតវត្សមកហើយ យោគៈ និងអាយុវេដ្ត គឺជាវិទ្យាសាស្ត្រដ៏ពិសិដ្ឋបំផុតសម្រាប់ជីវិតប្រចាំថ្ងៃ។ ទាំង Yoga និង Ayurveda គឺជាសិល្បៈ វិទ្យាសាស្ត្រ និងទស្សនវិជ្ជាដែលមានទំនាក់ទំនងផ្នែកសំខាន់ៗទាំងបួននៃសុខភាព គឺផ្នែករាងកាយ ផ្លូវចិត្ត សង្គម និងវិញ្ញាណ ។ ដោយ៖ ពិសី
ជុំវិញការលើកឡើងនេះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងដែរថា តាមរយៈព្រឹត្តិការណ៍យោគៈនេះ កម្ពុជាបានចូលរួមអបអរ ជាមួយបណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅទេសចរណ៍របស់កម្ពុជា “ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកប ដោយភាពកក់ក្តៅ”នឹងត្រូវបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀត។
ពាក់ព័ន្ធនឹងទិវាយោគៈអន្តរជាតិ លើកទី៨នេះ ដែរ កាលពីទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នៅក្នុងបរិវេណទីធ្លា ស្តាតអូឡាំពិក រាជធានីភ្នំពេញ ជាថ្មីម្តងទៀត បន្ទាប់ពីព្រឹត្តិការណ៍នៅខេត្តសៀមរាប។
គួរបញ្ជាក់ដែរថា ទិវាយយគៈអន្តរជាតិ បានរៀបចំបានចំនួន៦ លើករួចមកហើយ នៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយមចំនួន៤ គឺរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, នៅខេត្តបាត់ដំបង។ តាមរយៈទិវានេះ អ្នករៀបចំកម្មវិធីនេះ បានចាត់ទុកថា លំហាត់ប្រាណយោគៈ គឺមានអត្ថប្រយោជន៍ទ្វេដង ដើម្បីសារពាង្គកាយកាយមាំមួន កាយសម្បទារឹងមាំ ហើយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងរក្សាបាននូវសុខភាពសុវត្ថិភាពក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវ៕