ក្រសួងសាធារ​ណការ និងដឹកជញ្ជូន សិក្សា​គម្រោង​ផ្លូវ​រថ​ភ្លើង​​ក្រោមដី ឬលើអាកាស​នៅភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២២ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ​ណការ និងដឹកជញ្ជូន បាន​អ​​ញ្ជើញ ដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលសិក្សាបឋម លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Sub​way) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើសនៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និង​តាម​​ប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង តំណាងសាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC) និងមន្ត្រីបច្ចេកទេសមកពីអង្គភាពពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល បានលើកឡើងពី គម្រោងសិក្សារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែល​​អាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងក្រុង ប្រកប​​ដោយប្រសិទ្ធភាព ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល​ធ្វើការពិនិត្យសម្រេចជ្រើសរើស​យកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្រប និងអាចទទួលយកបាន សម្រាប់​​​រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាន​នាពេលបច្ចុប្បន្ននេះ។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់ក្រុមអ្នកជំនាញឯកទេស ក្រុមហ៊ុន ដែលបានសិក្សា ទៅលើលទ្ធភាពសាងសង់ បណ្តាញ ផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់នៃរាជធានីភ្នំពេញ រួចមកអង្គប្រជុំបានពិភាក្សាលម្អិតបន្ថែមទៅលើលទ្ធផលនៃការសិក្សាជាបឋម នេះ។

ក្រុមហ៊ុនបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស(Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ ជាដើម។

ក្នុងឳកាសនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ​ណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុន​​សា​ជីវ​​​កម្មស្ពាន​ថ្នល់ចិនធ្វើការសិក្សាឱ្យបាន ស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណា​ឱ្យគម្រោងនៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុង​ការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕