សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំនិងសំណូមពរ ដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាធារណៈជនទូទៅ ឱ្យចូលរួមបន្តជួយផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យបានផលផុស និងគ្រប់គោលដៅប្រឈម ហើយត្រូវអនុវត្តផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារពាក្យស្លោកថ្មីមួយ។
ក្នុងសារលិខិតនៃឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចបានលើកឡើងថា ដោយនិន្នាការរួមជាសកល កម្ពុជាយើងក៏ដូចជាប្រទេសដទៃដែរ គឺនៅតែប្រឈមគួរឱ្យបារម្ភពីការប៉ុនប៉ងផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ យោងលើស្ថានភាពនេះ សម្តេចសូមធ្វើការណែនាំនិងសំណូមពរ បន្ថែមទៅលើ បទបញ្ជា គោលការណ៍ណែនាំ ដែលបានដាក់ចេញកន្លងមកមួយចំនួនទៀត។
សម្រាប់ការណែនាំត្រង់ចំណុចទី២ សម្តេចបានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យបានផុលផុស និងគ្រប់គោលដៅប្រឈម។ ជាពិសេស បណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនងសង្គម និងហ្វេសបុកផេករបស់ថ្នាក់ដឹកនាំ ដោយត្រូវបន្តអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារទិសស្លោក «បីកុំ មួយរាយការណ៍ គឺ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន»។
គួរបញ្ជាក់ថា ក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ឆ្នាំ២០២២នេះ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) បានដាក់ចេញប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌» ដើម្បីជំរុញនូវការលើកកម្ពស់ប្រសិទ្ធិភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបប្រទះទៅនឹងបញ្ហាប្រឈមជាច្រើន (សង្គ្រាមអ៊ុយក្រែន, ជំងឺកូវីដ-១៩ -ល-) ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពនិងមនុស្សធម៌៕