ម៉ាកសមូហភាពអង្ករសែនក្រអូប “SKO” និងអង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK” ត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រហូតសម្រេចបានការចុះបញ្ជីម៉ាកសមូហភាពអង្ករទាំងពីរនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្ម បន្ថែមលើម៉ាកអង្ករក្រអូបប្រណិតដែលបានចុះបញ្ជីរួចមកហើយ ដែលម៉ាកសមូហភាពទាំងពីរនេះបានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជានៅគ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិតផលនៅទីផ្សារ។
លោក ប៉ាន សូរស័ក្តិ បានបន្តថា លើសពីនេះ ក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ ក្នុងការជួយគាំទ្រដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។
លោករដ្ឋមន្ត្រី បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ។
សូមជម្រាបថា ក្នុងពិធីដាក់សម្ពោធជាផ្លូវការនេះលោករដ្ឋមន្ត្រី បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីម៉ាកសមូហភាពអង្ករសែនក្រអូប “SKO” អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK” ជូនឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងប្រគល់លិខិតថ្លែងអំណរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ ដែលមានស្នាដៃក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអង្ករកម្ពុជា ព្រមទាំងប្រកាសបើកវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើកកម្ពសស់ជីវភាពកសិករខ្នាតតូច”។
គួបញ្ជាក់ថា ផ្អែកតាមទិន្នន័យដែលទទួលបាន សម្រាប់ ០៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះអង្ករក្រអូបប្រភេទសែនក្រអូបមាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។