សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងរៀបចំពិធីប្រកាសជាផ្លូវការពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ និង ពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៦ ដល់ម៉ោង៨យប់ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។
បើតាមសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ពិធីប្រកាសជាផ្លូវការនេះ នឹងមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ នឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅរាជធានីភ្នំពេញ ស្របពេលនឹងកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងនោះកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់អាស៊ាន ដែលតែងតែមានការ ចូលរួមពីថ្នាក់ដឹកនាំក្នុងតំបន់និងពិភពលោក ដើម្បីពិភាក្សាទៅលើប្រធានបទដ៏មានសារៈសំខាន់ដល់សេដ្ឋកិច្ច និងការរីក ចម្រើនតំបន់អាស៊ាន។
ដោយឡែក ពានរង្វាន់ធុរកិច្ចអាស៊ាន គឺជាពានរង្វាន់សម្រាប់ក្រុមហ៊ុនឆ្នើមក្នុងអាស៊ានដែលចូលរួមចំណែកលើក កម្ពស់ជីវភាពប្រជាជន និង ជំរុញកិត្យានុភាពអាស៊ាន៕