តំបន់អរិយក្សត្រ និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល អាចនឹងកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញ ឬក៏មិនអាចកាត់ចូលនោះ អាស្រ័យលើកត្តា៣យ៉ាងគឺ ប្លង់គោលរបស់រាជរដ្ឋាភិបាល (Master Plan), គោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់ និងការចំណាកស្រុក។ នេះបើតាមការលើកឡើងរបស់លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ។
ក្នុងបទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះ លោក ឡោ វិចិត្រ យល់ឃើញថា តំបន់អរិយក្សត្រ និងស្រុកកណ្តាលស្ទឹង ជាតំបន់នៅស្ថិតនៅជិតរាជធានីភ្នំពេញ និងកំពុងមានសក្តានុពលខ្លាំងក្លាផងដែរ។ ទោះយ៉ាងណា លោកយល់ថា តំបន់ទាំងពីរនេះនៅមិនទាន់អាចកាត់ចូលក្នុងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗនោះទេ ព្រោះអាចកាត់ចូលក្នុងរាជធានីបាន គឺត្រូវពឹងលើកត្តាធំៗ៣។
កត្តាទី១ ប្លង់គោលប្រើប្រាស់ដីរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំណុចនេះ លោកបន្ថែមថា តើរាជរដ្ឋាភិបាលមានផែនការពង្រីករាជធានីទៀតដែរឬទេ ព្រោះការពង្រីកទីក្រុងវាពាក់ព័ន្ធនឹងសមត្ថភាពរបស់អាជ្ញាធរក្នុងការគ្រប់គ្រងផងដែរ។ កត្តាទី២ គោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់៖ បើតំបន់ទាំងពីរនោះកំណត់ថាជាតំបន់ពាណិជ្ជកម្ម CBD (Central Business District) នោះប្រាកដណាស់ នឹងអាចកាត់ចូលរាជធានីភ្នំពេញបាន ឬក៏តំបន់រោងចក្រច្រើន ក៏អាចពិចារណាដែរ។ កត្តាទី៣ ការចំណាកស្រុក៖ ចំណុចនេះ សួរថាតើមានចំណាកស្រុក ចេញចូលក្នុងតំបន់ពីរច្រើនហើយឬនៅ និងក្លាយជាតំបន់អ៊ូរអរហើយឬនៅ ហើយបើមានចរន្តការចំណាកស្រុកពី ៤០ម៉ឺននាក់ ទៅ៥០ម៉ឺននាក់ នោះក៏ជាកត្តាគួបផ្សំផងដែរ។
សូមបញ្ជាក់ថា តំបន់អរិយក្សត្រ ជាឃុំមួយស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាល និងស្ថិតនៅភាគខាងកើតនៃទីក្រុងភ្នំពេញ យើងអាចជិះនាវាចម្លងកាត់ទន្លេចតុមុខដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ។ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឱ្យដឹងថាគម្រោងសាងសង់ស្ពានអរិយក្សត្រ ដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងសាងសង់ជូននៅពេលខាងមុខ។
រីឯស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ បានក្លាយជាទីចំណាប់អារម្មណ៍ខ្លាំងរបស់អ្នកវិនិយោគអចលនទ្រព្យ បន្ទាប់ពីមានការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ៕