ប្រមុខរដ្ឋាភិបាលកម្ពុជា បានពន្លឿនទៅកាន់បណ្តាប្រទេសធំៗ ឲ្យពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ការពន្លឿនេះ ត្រូវបានធ្វើឡើងក្នុងក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្តីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកលសម្រាប់យុគសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» កាលពីថ្ងៃទី ២៤ ខែមិថុនា ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង ប្រទេសចិន។

ថ្លែងនៅចំពោះមុខប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីប្រទេសចិន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត សម្តេច ហ៊ុន សែន បានអំពាវនាវដល់មេដឹកនាំមកពីប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោបង្កើនកិច្ចសហការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មីសម្រាប់ជួយដល់ប្រទេសដែលមានកម្រិត អភិវឌ្ឍន៍ទាបឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
សម្តេចបានបញ្ជាក់ដូច្នេះថា ៖«យើងគួរផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការបង្កើនកិច្ចសហការក្នុងការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេសជួយប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល»។

ឆ្លៀតពេលនោះ សម្តេចក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ការបើកចំហ ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រាប់ពិភពលោក ក្រោយវិបត្តិជំងឺកូវីដ ១៩ ស្របពេលតំបន់ និងសកលលោកកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ។
យ៉ាងណា តាមរយៈកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus)នោះ កម្ពុជា ក៏បានប្តេជ្ញាថា ក្នុងនាមជាប្រធានអាស៊ាន នឹងខិតខំដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូក្នុងគោលដៅ ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ ១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ជាដើម៕