ប្រសិនគ្មានការប្រែប្រួលនោះទេ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ ពិធីបុណ្យសមុទ្រឆ្នាំនេះ ក៏ប្រារព្ធឡើងស្របជាមួយនឹងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាត បំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។
កិច្ចប្រជុំនេះនៅទីស្តីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានអំពាវនាវដល់ផ្នែកឯកជនទាំងអស់ ត្រូវរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យ និងសមស្របសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន ដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ១៩នេះ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក ដូចនេះវិស័យឯកជន ជាមួយនឹងការកែប្រែលើកកម្ពស់គុណភាពសេវារបស់ខ្លួនឱ្យល្អហើយនោះ សំខាន់គឺត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក និងតម្លៃឱ្យបានសមសម្យ ដោយមើលទៅលើកត្តាជីវភាព និងការដើរកម្សាន្តរបស់ពលរដ្ឋ និងដើម្បីជាការប្រកួតប្រជែង ជាមួយនឹងទីផ្សារក្រៅស្រុកផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនបានរៀបចំ តម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងអាចទទួលបានភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលផ្អាកប្រារព្ធចំនួន២ឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០២០ និង២០២១ ដើម្បីបង្ការការរាតត្បាតជំងឺកូវីដ-១៩ និងធានាដល់សុវត្ថិភាពពលរដ្ឋ។ ដោយឡែក ពិធីបុណ្យសមុទ្រឆ្នាំ២០១៩ នៅខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបប្រមាណ៩០ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ៦ពាន់នាក់៕