កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត គឺជាបុគ្គលលេចធ្លោជាងគេក្នុងចំណោមក្រុមអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។ ជាឧត្តមសេនីយ៍ឯកពាក់ផ្កាយបីដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និងបានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចពីសកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស។

ក្រៅពីមុខជំនាញទាំងពីរនេះ លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់បានផ្ញើលិខិតមកពិគ្រោះយោបល់អំពីការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ផងដែរ ហើយសំបុត្រ ត្រូវបានបង្ហាញជាសាធារណៈកាលពីកន្លងទៅរបស់ឪពុករបស់លោក គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ហ៊ុន ម៉ាណែត បានសរសេរប្រាប់ឪពុករបស់ខ្លួនថា សូមកុំឱ្យប្រាប់នរណាឱ្យដឹងឱ្យសោះ ព្រោះវាជាការសម្ងាត់របស់ខ្លួន ពីរឿងការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ ដោយលោកសរសេរក្នុងសំបុត្របញ្ជាក់ថា អ្នកដែលមានឥទ្ធិពលនៅក្នុងសង្គម ត្រូវមានគ្រឹះខាងទាហាន សេដ្ឋកិច្ច និងនយោបាយជាចាំបាច់។

ក្រៅពីចំណេះជំនាញទាំងនេះ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក លោកក៏ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្ស។ ចំណែកនៅក្នុងជួរគណបក្សលោក ហ៊ុន ម៉ាណែត គឺជាសមាជិកវ័យក្មេងជាងគេនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា និងចុងក្រោយ នៅចុងឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអនុប្រធាននៃគណៈចលនាមហាជន ដែលជាតួនាទីធំមួយទៀតក្នុងគណបក្ស។
តាមរយៈចំណេះដឹងនិងបទពិសោធការងារទាំងអស់នេះ វាមិនចម្លែកទេដែល លោក ហ៊ុន ម៉ាណែត ត្រូវអង្គសន្និបាតនៃគណបក្សប្រជាជន ផ្ដល់សេចក្ដីទុកចិត្ត និងបោះឆ្នោតអនុម័តឱ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ដ្រីបន្តពីសម្តេចតេជោ ហ៊ុន សែន។
យ៉ាងណា លោក ហ៊ុន ម៉ាណែត ខ្លួនឯងតែប៉ុណ្ណោះដែលត្រូវធ្វើ និងបន្ថែមបទពិសោធក្នុងវិស័យផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន ដើម្បីក្លាយជានាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជានាពេលអនាគត៕
