ត្រីមាសទី១ ឆ្នាំ២០២២នេះ ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យមានទឹកប្រាក់ប្រមាណ ៣,១៨៣,៤៩៤ ប៊ីលានរៀល

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ នេះ ឥណទានផ្តល់ដោយធនាគារពាណិជ្ជសម្រាប់វិស័យសំណង់​ និងអចលនទ្រព្យមានប្រមាណ ៣,១៨៣,៤៩៤ ប៊ីលានរៀល ក្នុងនោះវិស័យសំណង់មានប្រមាណ ១៥៩​៦៧​,៩១​ ប៊ីលានរៀល កើនឡើងចំនួន២១,៥ % ខណៈដែលកម្ចីសម្រាប់ការជួញដូរអចលនទ្រព្យវិញមានទឹកប្រាក់ប្រមាណ​ ១៥ ៨៦៧,០៣ ប៊ីលានរៀល កើនឡើង៣៧,២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៃក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ចំពោះកម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានការកើនឡើងដែរ ដោយមានទឹកប្រាក់សរុបប្រមាណ ២៣ ៥៦៤,៦៦ ប៊ីលានរៀល កើនបាន២៩,៩ %។ ជាមួយគ្នានេះដែរ ឥណទានផ្តល់ដោយមីក្រូហិរញ្ញវត្ថុក្នុងវិស័យសំណង់មានចំនួនទឹកប្រាក់សរុបប្រមាណ១ ៥០៣,៨៧ ប៊ីលានរៀល កើនឡើងប្រមាណ៣៩,៨ % ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។

ក្នុងរបាយការណ៍ដដែលនេះ បានលើកឡើងទៀតថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការនាំចូលបរិក្ខារសំណ​ង់​មានទឹកប្រាក់សរុបប្រមាណ ៤៧១,៩២ លានដុល្លារអាមេរិក កើនឡើង១៨,១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១៕