សាកលវិទ្យាល័យជប៉ុនមួយ កំពុងពន្លឿនជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២

សង្គម​ និង​សេដ្ឋកិច្ច

តំណាងសាកលវិទ្យាល័យសូហ្វីយ៉ា របស់ជប៉ុន បានឲ្យដឹងថា បច្ចុប្បន្ននេះ ទាំងសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា បានកំពុងអនុវត្តការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦មកម្ល៉េះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងតាមរយៈការធ្វើទស្សនកិច្ចការដ្ឋានជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត របស់សាកលវិទ្យាល័យ សូហ្វីយ៉ា ពីសំណាក់លោក កាវ៉ាងុជិ ប្រធាននៃការិយាល័យកុងស៊ុលជប៉ុនប្រចាំក្រុងសៀមរាប កាលពីពេលថ្មីៗនេះ។

នាពេលនោះ លោក សាតូរឹ មិវ៉ា នាយកផ្នែកប្រាសាទអង្គរវត្ត នៃសាកលវិទ្យាល័យសូហ្វីយ៉ា មជ្ឈមណ្ឌលអាស៊ីសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស ដែលគ្រប់គ្រងការដ្ឋានជួសជុលនោះ បានឲ្យដឹងថា សាកលវិទ្យាល័យ សូហ្វីយ៉ា តាមការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដំណើរការជួសជុលឡើងវិញនូវ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាមួយអាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ (អាជ្ញាធរជាតិអប្សរា) តាំងពីឆ្នាំ ១៩៩៦ ហើយការងារដំណាក់កាលទីមួយ ត្រូវបានបញ្ចប់កាលពីឆ្នាំ ២០០៧ ។

ដោយឡែក លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ទាំងសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តដំណាក់កាលទីពីរ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ។ នៅឯការដ្ឋាន អ្នកជំនាញការអភិរក្សកម្ពុជា កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ នៅក្រោមពន្លឺថ្ងៃក្ដៅ។លោកក៏បានបន្តថា នៅការដ្ឋាន ពួកគេបានប្រើប្រាស់ឧបករណ៍ដូចជាឡានស្ទូច ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជាជំនួយឥតសំណងផ្នែកវប្បធម៌ទូទៅ ក្នុងឆ្នាំសារពើពន្ធ ២០១៣។

គួរបញ្ជាក់ដែរថា ប្រាសាទអង្គរវត្ត ដែលជាស្នាដៃល្អឯកនៃស្ថាបត្យកម្មខ្មែរ ត្រូវបានសាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ជាប្រាសាទឧទ្ទិសដល់ព្រះវិស្ណុនៃព្រហ្មញ្ញសាសនា និងជាផ្នូររបស់ព្រះមហាក្សត្រនៅដើមសតវត្សទី១២ ហើយត្រូវបានចាត់ទុកជានិមិត្តរូបរបស់ជាតិ និងមានរូបប្រាសាទលេចឡើងលើទង់ជាតិកម្ពុជាផងដែរ៕