គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបមានចំនួន ៤៧ គម្រោង បានកើនឡើង ៣គម្រោង ស្មើនឹង ៦,៨% ដែលមានទុនវិនិយោគសរុបចំនួន ២ ៥២០,៦ លានដុល្លារអាមេរិក បានកើនឡើង ១៤,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២។
ក្នុងនោះគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានត្រឹមតែ ៤គម្រោងប៉ុណ្ណោះ ធ្លាក់ចុះ ៧៥% ដែលមានទុនវិនិយោគសរុបចំនួន ៣០១,១៨ លានដុល្លារអាមេរិក ធ្លាក់ចុះ ៧៩,៨% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១។
ទន្ទឹមនឹងនេះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង បានកើនឡើង ១៥ គម្រោង ស្មើនឹង ៥៣,៦% និងទុនវិនិយោគសរុបចំនួន ២ ២១៩,៤លានដុល្លារអាមេរិក បានកើនឡើង ២១០,៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។
គម្រោងវិនិយោគទាំងនេះ រួមមាន មណ្ឌលភ័ស្តុភារកម្មនិងកំពង់ផែពហុបំណង វារីអគ្គិសនី រោងចក្រផលិតសំបកកង់យានយន្ត សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ កសិដ្ឋានដាំដំណាំចេក និងដំណាំហូបផ្លែផ្សេងៗទៀត រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាល ។
សូមជម្រាប់ដែរថា បើតាមការឲ្យដឹងពី ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៧ មិថុនា ២០២២ ក៏បានឲ្យដឹងដែរថា រដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានដុល្លារអាមេរិក តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ក្នុងនោះ សម្រាប់ឆ្នាំ២០២២នេះដែរ កម្ពុជា ទទួលបានគម្រោងវិនិយោគរបស់ចិនចំនួន១៣បន្ថែមទៀតផងដែរ។ គម្រោងទាំងនេះបានគ្របដណ្តប់លើវិស័យកិច្ចសហប្រតិបត្តិការជាច្រើនរួមមាន៖ អប់រំ ការកសាងសមត្ថភាព កសិកម្ម ការកាត់បន្ថយភាពក្រីក្រ បរិស្ថាន ធនធានទឹក ការតភ្ជាប់ផ្លូវអាកាស វប្បធម៌ និងសាសនា ជាដើម៕