ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងចំនួន ២៨,៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដែលចេញផ្សាយកាលថ្ងៃទី២៧ ខែមិថុនា។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២២, ការនាំចេញទំនិញមានទឹកប្រាក់សរុបចំនួន ៤ ៨៩៩ លានដុល្លារអាមេរិក បានកើនឡើង ២៨,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
ជាមួយគ្នានេះ បើមិនរាប់បញ្ចូលមាស, ការនាំចេញ មានទឹកប្រាក់សរុបចំនួន ៤ ៨១៤,៤ លានដុល្លារអាមេរិក បានកើនឡើង ២៦,៥% ក្នុងនោះបានគាំទ្រដោយការនាំចេញផលិតផលកាត់ដេរ, កង់, ខ្សែភ្លើងនិងបង្គំខ្សែភ្លើង, គ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។ រីឯ, ការនាំចូលទំនិញមានទឹកប្រាក់សរុប ចំនួន ៧ ៤៤៥,៩ លានដុល្លារអាមេរិក បានធ្លាក់ចុះ ០,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ បើមិនរាប់បញ្ចូលមាស, ការនាំចូលមានទឹកប្រាក់សរុបចំនួន ៦ ១៦៤,៨ លានដុល្លារអាមេរិក បានកើនឡើង ២១,៦ % ដោយសារការកើនឡើងនៃការនាំចូលវាយនភណ្ឌនិងសម្លៀកបំពាក់, បរិក្ខារសំណង់, ប្រេងឥន្ធនៈ, ទោចក្រយានយន្ត និងគ្រឿងអេឡិចត្រូនិកជាដើម។
ព្រឹត្តិបត្រខាងលើ ក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានធ្វើការនាំចេញទំនិញទៅទីផ្សាអន្តរជាតិ រួមមាន៖បណ្តាប្រទេសអាស៊ាន សហគមន៍អឺរ៉ុប អាមេរិក ចិន ជប៉ុន អង់គ្លេស និងប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ដែរថា តាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានលើកឡើងដែរថា ការនាំចេញទំនិញនិងសេវាកម្មរបស់កម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងនៅឆ្នាំនេះនិងឆ្នាំក្រោយ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្ដើរៗនៃវិស័យទេសចរណ៍ ខណៈវិស័យសេវាកម្មត្រូវបានព្យាករថានឹងងើបឡើងវិញនៅកម្រិត ៤,៨% ក្នុងឆ្នាំ២០២២ និងកើនដល់ ៦,៨% ក្នុងឆ្នាំ២០២៣៕