កម្ពុជាកំពុងសិក្សាការដឹកជញ្ជូនតាមរយៈរថភ្លើងតភ្ជាប់ពីប្រទេសចិន មកប្រទេសឡាវ ដោយឆ្លងកាត់ប្រទេសថៃចូលមកកាន់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្ដុភារកម្មកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ។

ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងតភ្ជាប់ពីប្រទេសចិនមកឡាវដោយឆ្លងកាត់ប្រទេសថៃមកកម្ពុជាគឺអាចចំណាយពេលមួយសប្តាហ៍ ហើយតម្លៃដឹកជញ្ជូនប្រភេទនេះ អាចប្រសើរបើប្រៀបធៀបនិងការដឹកជញ្ជូនតាមមធ្យោបាយផ្សេងទៀត។

ឧកញ៉ា ស៊ិន ចន្ធី បន្តថា បច្ចុប្បន្នកម្ពុជាកំពុងសិក្សាជាមួយភាគីឡាវ ពីបែបបទគយពេលទំនិញឆ្លងកាត់ និងជាពិសេសបញ្ហាប្រឈមលើការប្រើប្រាស់ទូកុងតេន័របស់រថភ្លើង ដែលតម្រូវរកដំណោះស្រាយលើការបង្វិលទូកុងតេន័រ ដោយមិនប្រើរយៈពេលយូរ។

សូមជម្រាបថា សមាគមភស្តុភារកម្មកម្ពុជា បានដឹកនាំសមាជិកប្រមាណ៣០ក្រុមហ៊ុន ធ្វើទស្សនកិច្ច សិក្សាទៅកាន់ប្រទេសឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួម ពីសមាគមប្រទេសថៃ ដែលបានដឹកនាំសមាជិកប្រមាណជា១៤ក្រុមហ៊ុន ទៅចូលរួមជាមួយគ្នានិងសមាគមភស្តុភារកម្មកម្ពុជា។
ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើង ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ប្រយោជន៍ពីការដឹកជញ្ជូន តាមរយៈរថភ្លើងតភ្ជាប់ពី ប្រទេសចិនមកឡាវ ដោយឆ្លងកាត់ប្រទេសថៃមកកាន់កម្ពុជា ដោយយល់ឃើញថាមធ្យោបាយដឹកជញ្ជូនបែបនេះ ចំណេញពេលវេលាជាងការដឹកជញ្ជូនតាមផ្លូវទឹក។
ជំនួបពិភាក្សាក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំង៣ប្រទេស ក៏បានរៀបចំចុះអនុស្សារណៈយោគយល់គ្នា ដោយគោលបំណងរបស់អនុស្សារណៈយោគយល់គ្នានោះ គឺសំដៅធ្វើយ៉ាងណា ដើម្បីចែករំលែកព័ត៌មាន(Transit & Exchange. Business Data) នៃ ប្រទេសទាំង៣៕ ដោយ៖ ពុធិកា