រាជរដ្ឋាភិបាលកម្ពុជា បានកាត់ផ្ទៃដីទំហំ ៤៤០ ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងធ្វើអនុបយោគ (កែប្រភេទដី) ពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ ក្នុងគោលបំណងដើម្បីអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ នេះបើតាមអនុក្រឹត្យ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

តាមរយៈលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃគម្រោង LASED III ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ទីតាំងដីខាងលើនេះ មានចម្ងាយពីផ្លូវជាតិប្រមាណ ២២,៧៧ គីឡូម៉ែត្រ ហើយជាតំបន់វាលទំនាប ប្រភេទដីមានជីជាតិបង្កបង្កើនផលបាន មានផ្លូវចេញចូលស្រាប់ និងមានភ្ជាប់បណ្តាញអគ្គីសនី (ប្រភេទផ្លូវដីក្រហម ស)។ ដីខាងលើនេះ ពីមុនស្ថិតក្នុងគម្របព្រៃឈើឆ្នាំ២០០២ ក្រោមអាណត្តិគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឯកភាពជាគោលការណ៍ អនុញ្ញាតឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ចាប់ផ្តើមធ្វើអត្តសញ្ញាណដី ផែនទី ចំណាត់ថ្នាក់ដីរដ្ឋ និងចុះបញ្ជីជាដីឯកជនរបស់រដ្ឋទីតាំងខាងលើនេះ ដើម្បីបន្តដំណើរការរៀបចំផែនការសម្បទានដីសង្គមកិច្ច ដល់គ្រួសារក្រីក្រពិតប្រាកដនៅឃុំប៉ោយចារ៕
