ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានស្នើទៅកាន់ជប៉ុន ឲ្យជួយបណ្តុះធនធានមនុស្សក្នុងវិស័យកីឡាយូដូ ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ។ការស្នើនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច ហ៊ុន សែន និងឯកឧត្តម Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តម Gotaro OGAWA ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រីកពង្រឹង ទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសបន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចក៏បាន ស្នើសុំឯកឧត្តម Gotaro OGAWA ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមខាងមុខផងដែរ។

ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តម Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំ កម្ពុជា ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ បានសាទរ ចំពោះការអភិវឌ្ឍរីកចំរើនរបស់កម្ពុជា។ឯកឧត្តមថា នាពេលនេះកំពុងតែចូលរួមចំណែកជួយដល់កម្ពុជា លើវិស័យចំនួន៣ គឺទី១៖ ជួយដល់និស្សិតកម្ពុជាលើវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលផ្នែកភាសា ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌ ទី២៖ផ្នែកច្បាប់ និងទី៣៖លើវិស័យកីឡាយូដូ ដែលនឹងជួយកម្ពុជាសំរាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕


