ចាប់ពីថ្ងៃទី០១ ខែកក្កដា នេះតទៅ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះរថយន្តគ្មានពន្ធដែលមានស្រាប់ក្នុងប្រទេស ខណៈរយៈពេលសម្រាប់ឲ្យម្ចាស់រថយន្តគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ បានដល់ថ្ងៃឱសានវាទកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចំពោះរថយន្តចង្កូតឆ្វេងដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែកឯ រថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានលើកឡើងថា យានយន្តជាប្រភពចំណូលពន្ធមួយយ៉ាងសំខាន់ ដែលដើរតួនាទី៤៣ភាគរយ ទៅ៤៥ភាគរយ នៃចំណូលសរុបដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលប្រចាំឆ្នាំ។ កាលពីឆ្នាំ២០១៩ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជា ដំណើរការល្អ ការប្រមូលចំណូលលើសផែនការ ៤២ភាគរយ ក្នុងនោះជាង៥៣ភាគរយ នៃចំណូលដែលប្រមូលបាន គឺបានមកពីចំណូលពន្ធពីយានយន្ត។
គិតត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការបង្រ្កាបរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ បានចំនួន១៧៨គ្រឿង គិតជាចំណូលពន្ធប្រមាណ៦៥ម៉ឺនដុល្លារ៕