ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០នេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការផង បានថ្លែងតាមរយៈរបាយការណ៍ថា អស់រយៈពេលពេញមួយឆ្នាំ២០១៩ សភាពការណ៍ពិភពលោក បន្តវិវឌ្ឍផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ ពិបាកប៉ាន់ស្មានបាន និងពោរពេញទៅដោយគ្រោះថ្នាក់ ហើយកំពុងស្ថិតក្នុងដំណាក់កាលផ្ទេរដ៏លំបាកឆ្ពោះទៅរកប្រព័ន្ធពហុប៉ូល ដែលតួអង្គថ្មី/ចាស់ កំពុងប្រកួតប្រជែងដណ្តើមតួនាទីគ្នានៅក្នុងការសម្រេចលើកិច្ចការពិភពលោក និងតំបន់។
ប្រឈមនឹងបញ្ហាទាំងនេះ ជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ទាំងក្នុង និងក្រៅប្រទេសនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស បានខិតខំបំពេញការងារយ៉ាងសកម្ម សំដៅធ្វើឱ្យសម្រេចបានជោគជ័យនូវការងារអាទិភាពទាំង ៥ រួមមាន៖
១. ការការពារឯករាជ្យជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ,២. ការអនុវត្តនូវគោលនយោបាយការបរទេស ប្រកបដោយភាពបត់បែន វាងវៃ តបទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ,៣. ការអនុវត្តការងារការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ,៤. ការចូលរួមកាន់តែសកម្មដល់បុព្វហេតុសន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងការប្រឈមនានានៅក្នុងពិភពលោក និងទី៥. ការបន្តការដ្ឋានកំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង ដើម្បីរៀបចំអង្គអ្នកការទូត ប្រកបដោយ វិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាព។
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស មានប្រកាសថា នៅឆ្នាំ២០១៩ មានសមិទ្ធផលជាច្រើន ដែលសម្រេចបានជាបន្តបន្ទាប់ នេះក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជា-ណាចក្រកម្ពុជា ដែលសម្តេចជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា និងការគាំទ្រ កិច្ចសហប្រត្តិបត្តិការល្អពីបណ្តាក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ដើម្បីសម្រេចឲ្យបានជោគជ័យនូវការដ្ឋានកំណែទំរង់ដ៏ធំនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងជំរុញយុទ្ធសាស្រ្តអាទិភាពថ្មីមួយ ដើម្បីចូលរួមជាវិភាគទានពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្នែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ដោយប្រែក្លាយពីការអនុវត្តការទូតប្រពៃណី ទៅជាការអនុវត្តការទូតទំនើប ដោយបន្ថែមការទូតសេដ្ឋកិច្ច និងវប្បធម៌ ជាចំណែកដ៏សំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕