មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០១ ខែកក្តដា កន្លងទៅនេះ បានបង្ហាញហេតុផល៩ចំណុច នៃការពន្យារពេលបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ការលើកឡើងពីហេតុផលនេះ គឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបជាមួយនឹងចម្ងល់ជាច្រើនពីសំណាក់មហាជន ដែលមានបំណងចង់បើកបរលើផ្លូវនេះ ក្រោយមានការពន្យាពេលឲ្យធ្វើដំណើរនោះ។
លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ហេតុផលនៃការពន្យារពេលបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ព្រោះមានចំនុចធំៗចំនួន៩ រួមាន៖ ១.លទ្ធផលសាងសង់បាន៩៤% នៅឡើយ ២.បញ្ហាស្លាកសញ្ញាចរាចរណ៏មិនទាន់បានបំពាក់អោយបានគ្រប់គ្រាន់នៅឡើយ ៣.របងការពារសុវត្ថិភាពផ្លូវទើបបានជាង៧០% ៤.រនាំងទ្រូងផ្លូវនិង សួនច្បារ ទើបបានប្រហែល៨០% ៥.ស្ពានរំលងអាកាសមួយចំនួនពុំទាន់បានរួចរាល់ ៦.ចំនុចចាប់ផ្តើមដើមទី ចុងទីពុំទាន់បានបញ្ចប់ជាស្ថាពរនៅឡើយ ៧.ទីតាំងចំណតទាំង៤កន្លែងនៅពុំទាន់រួចរាល់១០០% ៨.បរិក្ខាមួយចំនួនទៀតពុំទាន់បានបំពាក់រួចរាល់ និង៩.បញ្ហាផ្សេងៗ។
យ៉ាងណា មន្រ្តីជាន់ខ្ពស់ខាងលើ ក៏បានបញ្ជាក់ទៀតថា ការងារដែលនៅសេសសល់និងត្រូវបញ្ចប់ចុងខែសីហា ឆ្នាំ២០២២ខាងមុខនេះ ជាមួយគ្នានោះ ក្រសួង និងក្រុមហ៊ុនបានពិភាក្សាគ្នា និងបានកំណត់ថានឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅដើមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះបានសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក៕