នៅចំពោះមុខ UN លោក ស៊ុន ចាន់ថុល អះអាងថា គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានចាត់ទុកថា គ្រោះថ្នាក់ចរាចរណ៍គឺជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា។ ទន្ទឹមគ្នានេះ ឯកឧត្តម បានស្នើUNជួយគាំទ្របន្ថែមទៀត ដើម្បីឱ្យកម្ពុជាឈានទៅសម្រចបាននូវការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%ត្រឹមឆ្នាំ២០៣០ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ ត្រូវបានធ្វើឡើងតាមរយៈកិច្ចប្រជុំកំពូលស្តីពីការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សកល ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅឆ្នាំ២០៣០ សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការធានាឱ្យមាន សកម្មភាពប្រចាំទសវត្សរ៍ និងការផ្សព្វផ្សាយ ដែលប្រារព្ធឡើងនាស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងក្នុងចំណោមតំណាងប្រទេស និងរដ្ឋជាសមាជិកUNសរុបចំនួន៧៧ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) បានលើកឡើងថា៖ គ្រោះថ្នាក់ ចរាចរណ៍ជាមូលហេតុចម្បងនៃការស្លាប់នៅកម្ពុជា ពោលគឺ៖ ក្នុងមួយថ្ងៃៗគិតជាមធ្យមមានមនុស្ស៥បានស្លាប់ និងរងរបួស១០នាក់ តាមដងផ្លូវក្នុងប្រទេសកម្ពុជា។ យោងតាមការសិក្សារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រទេសកម្ពុជាបានខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២,៥% ទៅ៣%ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម បញ្ជាក់បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ខ្ជាប់គោលការណ៍លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងស្ថានភាពមូលដ្ឋានដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានស្នើសុំការគាំទ្របន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាថែមទៀត។

សូមរម្លឹកដែរថា បន្ទាប់ពីសេចក្តីប្រកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីក្រុង Stockholm និងផែនការសកលដែលដាក់ចេញដោយអង្គការសុខភាពពិភពលោក និងគណៈកម្មការ តំបន់របស់អង្គការសហប្រជាជាតិកាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានបង្កើតទសវត្សរ៍នៃ សកម្មភាពសម្រាប់ឆ្នាំ២០២១-២០៣០ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%។នេះបើតាមការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១០ ដល់ឆ្នាំ២០២០ របស់ប្រព័ន្ធជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍គឺ៖ ល្មើសល្បឿន ជែងគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព និងស្រវឹង។ កំហុសក្នុងការរចនាផ្លូវ និងកង្វះលក្ខណៈបច្ចេកទេសយានជំនិះក៏បានរួមចំណែកដល់គ្រោះថ្នាក់ចរាចរណ៍ផងដែរ។ យើងបានពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទសវត្សរ៍នៃសកម្មភាពឆ្នាំ២០១១-២០២០។ យើងបានជួយសង្គ្រោះជីវិតមនុស្ស ៤.៥៦១នាក់ក្នុងអំឡុងពេលនេះ បើធៀបនឹង គោលដៅរបស់យើងដែល មានចំនួន ៧.៣៣៨ នាក់៕