ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ រួមគ្នាចេញនូវសមិទ្ធផលថ្មីសំខាន់ៗពីរ

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការសេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល ​​បាន​​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី CamDigiKey ជំនាន់ ២.០ និង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី “កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន (e-KYC)” រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា តំណាង​ដោយ​លោក​ជំទាវ​ ជា សិរី ឧបការីទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ទូរស័ព្ទដៃ CamDigiKey ជា​យន្តការ​មួយ​របស់​ថ្នាល​សម្គាល់​អត្តសញ្ញាណ​អតិថិជន (e-KYC) ​​ដែល​មាន​ឈ្មោះ​ពេញ​ថា​ថ្នាល Cambodia Digital Key ឬ​ហៅ​កាត់​ថា CamDigiKey។ ជាមួយ​គណនី CamDigiKey តែ​មួយ, អ្នក​ប្រើប្រាស់​​អាច​ចូល​ទៅ​កាន់សេវាសាធារណៈ​ឌីជីថល​​បាន​យ៉ាង​ងាយ​ស្រួល តាម​រយៈ​ការ​ស្កេន QR Code នៅ​លើ​កម្មវិធី​ទូរស័ព្ទ​ដៃ។

ជាមួយ​គ្នា​នេះ ក្រសួង​សេដ្ឋកិច្ច​ ក៏​បាន​សហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​​​ស្តីពី “កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន (e-KYC)” ​​ដើម្បី​បង្កើន​ការ​យល់​ដឹង និង​លើក​កម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្មីៗ ជា​ពិសេស​ជំរុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ e-KYC ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ។

គួរ​បញ្ជាក់​ថា ថ្នាល់ CamDigiKey ​​ជា​ឧបករណ៍​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ជា​ផ្លែផ្កា​ដែល​កើត​ចេញ​ពី​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ២០២១-២០៣៥។ ថ្នាល​នេះ​ មិន​ត្រឹម​តែ​អាច​កំណត់​អត្តសញ្ញាណ​អតិថិជន​តាម​រយៈ​អនឡាញ (e-Verification) ​បាន​យ៉ាង​​​ងាយ​ស្រួល​ចំពោះ​អ្នក​​ផ្តល់​សេវា​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​​ផ្តល់​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​សម្រាប់​អ្នក​ទទួល​សេវា ​​រាល់​ពេល​ធ្វើ​ប្រតិបត្តិការ​អនឡាញ៕