បច្ចុប្បន្នកម្ពុជានៅតែមានការជួយដូរសត្វសុនកនៅឡើយ ទើបធ្វើឲ្យអ្នកដែលស្រលាញ់សត្វមួយចំនួនធំ ក្នុងនោះរួមមានទាំងតារាចម្រៀង ពូឃ្លាំងផងដែរ ចូលរួមបំផុសគំនិតដើម្បីលុបបំបាត់ការជួញដូរសត្វសុនខគ្រប់រូបភាពទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

ក្នុងនាមជាអ្នកស្រលាញ់សត្វចិញ្ចឹមមួយរូប ពូឃ្លាំងបានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា «…ខ្ញុំសង្ឃឹមថានៅក្នុងប្រទេសយើងគ្រប់ខេត្តក្រុង ទាំងអស់នឹងអាចមានវិធានការណ៍យ៉ាងតឹងរ៉ឹង ចំពោះរឿងការដាក់ទោសចំពោះការលួចទាក់សុនខ ការជួញដូរ និងកន្លែងសត្វឃាត។ ក្នុងនាមជាអ្នកស្រលាញ់សត្វសុនខម្នាក់ដែរ ខ្ញុំយល់ពីការឈឺចាប់ នៅពេលដែលបាត់បង់សត្វដែលយើងចឹញ្ចឹម ព្រោះស្រលាញ់ដូចកូន ដូចសមាជិកគ្រួសារ ហើយសុនខដែលបានគេលួចទាក់ នឹងបាត់មួយថ្ងៃមិនក្រោម 20 ក្បាលនោះទេ សួរអារម្មណ៍ម្ចាស់សុនខថាឈឺប៉ុណ្ណា? សូមគោរពពីចំងាយទៅដល់ ឧត្តម TEA Seiha/ទៀ សីហា អភិបាល ខេត្តសៀមរាប ដែលបានចាប់ផ្តើមរឿងដ៏ល្អនេះមុនគេ »។

ជុំវិញបញ្ហានេះដែរ ស្រុកបន្ទាយស្រីខេត្តសៀមរាប បានចេញសេចក្តីណែនាំមិនឲ្យទីសត្តឃាតសត្វឆ្កែ ការជួញដូរ និងការធ្វើអាជីវកម្មសាច់ឆ្កែគ្រប់រូបភាពឡើយ។
ស្រុកបន្ទាយស្រីធ្លាប់ត្រូវបានរកឃើញថា ជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងបានប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់ និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។

អាជ្ញាធរស្រុកបន្ទាយស្រីដែលមានលោកឃឹម ហ្វីណង់ ជាអភិបាលស្រុក បានសម្រេចចិត្តបិទរាល់សកម្មភាព ទីសត្តឃាតសត្វសុខន ការជួញដូរ និងការធ្វើអាជីវកម្មសាច់សុខនគ្រប់រូបភាព មិនឲ្យកើតមានលើស្រុកមួយនេះទៀតឡើយ៕
