រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានមាន ១៣១ សហគមន៍មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិបាន។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងពីធីផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (២០២១-២០៣៥) កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារពេជ្រតា ទីរួមខេត្តមណ្ឌលគីរី។
ថ្លែងក្នុងពិធីនោះ លោក វេង សាខុន បានបង្ហាញបន្តកិច្ចសហការ ជាមួយគ្រប់ដៃគូ ដើម្បីការវិនិយោគវិស័យកសិកម្ម ទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ហើយវិស័យទេសចរណ៍គឺជាមាសបៃតង។
លោក បន្តថា ជាក់ស្តែង បច្ចុប្បន្នយើងមាន ១៣១ សហគមន៍មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិបាន ក្នុងចំណោមសហគមន៍ ៥១៦ ដែលយើងមាន ក្នុងនោះ ២៧សហគមន៍ បាននិងកំពុងដំណើរ ការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាប។
ដោយឡែក លោក បញ្ជាក់ទៀតថា យើងបានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន ៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣ សហគមន៍ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវា ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។
គួរបញ្ជាក់ដែរថា នាពេលអនាគត កម្ពុជារំពឹងថា សហគមន៍កសិកម្មមួយចំនួនអាច នឹងបង្កើតមុខរបរថ្មីមួយដែលហៅថា “កសិ-ទេសចរណ៍” សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋានរបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្មផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕