ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី០៦ កក្កដា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ ដោយអនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយមិនចាំបាច់កែពីចង្កូតស្ដាំ ទៅចង្កូតឆ្វេងនោះឡើយ ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតអោយមានការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះដាច់ខាត ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ ។

គួរបញ្ជាក់ថ គិតចាប់ពីថ្ងៃបើកយុទ្ធនាការកាលដើមខែកញ្ញា ឆ្នាំ២០២១ មកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបិទយុទ្ធនាការ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ បានជិត១ម៉ឺនគ្រឿង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ។
ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ជិត៣ពាន់គ្រឿង និង រថយន្តចង្កូតស្តាំដែលបានមកតម្កល់ប្រាក់កក់មានចំនួន ជិត៧ពាន់គ្រឿង។