CEO ម្នាក់ ធ្លាប់ដើរសុំផ្ទះគេនៅ ឥឡូវមានលុយអញ្ជើញភ្ញៀវ១០០តុ ឡើងវីឡាតម្លៃជិតកន្លះលានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី អឿន ម៉ូលីកា ​​អតីត​តារា​ចម្រៀង​ ​​ដែល​ធ្លាប់​មាន​ប្រវត្តិ​កម្សត់​កម្រ ធ្លាប់​ដើរ​សុំ​ផ្ទះ​គេ​ដើម្បី​ស្នាក់​នៅ​រាជធានីភ្នំពេញ​ ​​ពេល​នេះ​លោកស្រី ​​បាន​ក្លាយ​​ខ្លួន​ជា​​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ អិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី។ នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២​ ស្អែក​នេះ ​​លោកស្រី​នឹង​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ចំនួន ១០០​តុ ​​ដើម្បី​ចូល​រួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​​​របស់​លោកស្រី ដែល​មាន​តម្លៃ​សរុប ជិត​​កន្លះ​លាន​ដុល្លារ នៅ​​ខណ្ឌ​សែនសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​​​សារព័ត៌មានក្នុងស្រុក​មួយ​នៅ​ថ្ងៃពុធ​នេះ លោកស្រី អឿន ម៉ូលីកា ​​​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​​វីឡា​របស់​លោកស្រី និង​ស្វាមី​នេះ ​​បាន​រស់​នៅ​ជិត​១​ឆ្នាំ​ហើយ ប៉ុន្តែ​ពុំ​ទាន់​បាន​ធ្វើ​ពិធី​ឡើង​នោះ​ទេ ដោយសារ​តែ​មាន​បញ្ហា​កូវីដ-១៩។​​ ចំពោះ​តម្លៃ​ វីឡា​នេះ ​​សរុប​ទាំង​ការ​តុបតែង​រៀបចំ​ទៀត ​​អាច​ជិត​ដល់ ៤០​ម៉ឺន​ដុល្លារ។ លោកស្រី បាន​បន្ថែម​ថា កម្មវិធី​ថ្ងៃ​ស្អែក​នេះ ​​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នឹង​កម្មវិធី​ខួប​កំណើត​កូន​ស្រី​​អាយុ​២​ឆ្នាំ​ផង​ដែរ។

លោកស្រី អឿន ម៉ូលីកា ​​បាន​បន្ថែម​ថា ​​កាលពី​៥​ឆ្នាំ​មុន​ លោកស្រី​ឡើង​មក​ភ្នំពេញ គឺ​ដើម្បី​ធ្វើ​ជា​តារា​ចម្រៀង​ និង​ជា​តារា​សម្តែង ​​​និង​ពុំ​មាន​ផ្ទះ​នៅ​នោះ​ទេ ហើយ​ធ្លាប់​ដើរ​សុំ​ផ្ទះ​គេ​នៅ​ជាមួយ ដោយ​ជួយ​ចេញ​ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង។ ទោះ​យ៉ាងណា មក​ទល់​បច្ចុប្បន្ន​នេះ​​ ក្រៅ​ពី​ផ្ទះ​វីឡា​ បច្ចុប្បន្ន​លោកស្រី​ក៏​មាន​រថយន្ត​ទំនើបៗ​ជា​ច្រើន​គ្រឿង​ទៀត។

សូម​​រំឭក​ថា លោកស្រី អឿន ម៉ូលីកា ហៅ​ចែ​កា ​​ជា​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Rock។ លោកស្រី ​​បាន​ចូល​រោងការ​ជាមួយ​​លោក​ ហុង មានុណ កាល​ដើម​ឆ្នាំ​២០២០ ហើយ​នៅ​ចុង​ឆ្នាំ​២០២០ លោកស្រី​ក៏​​សម្រាល​បាន​​កូន​ស្រី​ម្នាក់​ឈ្មោះ​ថា នុណ ច័នម៉ូនីតា៕