ក្រសួងឱ្យស្នើអ្នកប្រកបរបរអនឡាញ ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដើម្បីក្លាយជាអ្នករកស៊ីស្របច្បាប់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម ប្រកាសនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោយពីបានលើកពេលសម្រាប់ការមកដាក់ពាក្យស្នើសុំដោយមិនជាប់ពិន័យចំនួន០៤លើក ខណៈលើកចុងក្រោយគឺនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

បើតាមក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ កក្កដានេះ បានឲ្យដឹងថា បន្ទាប់ពីបានប្រកាសឱ្យរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងអស់មកសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្មកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឃើញថាមានរាប់ពាន់នាក់ បានមកដាក់ពាក្យស្នើសុំ ដើម្បីក្លាយជាអ្នកប្រកបអាជីវកម្មស្របច្បាប់។

ផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមនីតិវិធីដូចខាងក្រោម៖
– នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន
– នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនរងការផាកពិន័យឡើយ
– រូបវន្តបុគ្គលដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះនៅចង់ទទួលបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនរងការផាកពិន័យឡើយ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព