ទិវាភាពជាអ្នកមានប្រចាំឆ្នាំ បង្កើតឡើងដើម្បីគោលបំណងសំខាន់មួយ

សង្គម​ និង​សេដ្ឋកិច្ច

ទិវាភាពជាអ្នកមានប្រចាំឆ្នាំ ត្រូវបានបង្កើតឡើង​ក្នុង​គោលបំណងសំខាន់​មួយ​ គឺ​ជាការ​ឧទ្ទិស​ដើម្បី​ឱ្យ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ក្លាយ​ជា​អ្នក​មាន ឬ​និយាយ​ឱ្យ​សាមញ្ញ​ថា​​​យើង​រួម​គ្នា​​ដើម្បី​កសាង​កម្ពុជា ដែល​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ក្លាយ​ជា​អ្នក​មាន។ ​​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ហោ ចាន់រដ្ឋា អ្នករៀប​ចំ​កម្មវិធី និង​ជា​អ្នក​ស្រាវ​ជ្រាវ​ភាព​ជា​អ្នក​ដឹក​នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហោ ចាន់រដ្ឋា ​​​បានលើកឡើង​ថា៖ ក្នុងរយៈពេល​៤​ឆ្នាំ​នេះ យើង​ចាប់​ផ្តើម​​តាំង​ពី​ឆ្នាំ​ដំបូង​និយាយ​ពី​ «ភាពជាអ្នកមានបានជាទូទៅ» ​ឆ្នាំទី២ និយាយ​ពី «គំនិត​អ្នក​មាន» ឆ្នាំទី៣ និយាយ​ពី​ «សកម្មភាព​អ្នក​មាន» ​​ហើយ​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ទី​៤ ដែល​យើង​និយាយ​អំពី «ទម្លាប់​អ្នក​មាន»។

លោកថា យើង​ដឹង​ហើយ​ថា​ ទម្លាប់​បែប​ណា​ គឺ​វាសនា​យើង​បែប​ហ្នឹង ដូច្នេះ​យើង​និយាយ​ពី​ទម្លាប់​អ្នក​មាន​នេះ គោល​បំណង​ដើម្បី​​​ចង់​ឱ្យ​ប្រជាជាតិ​ខ្មែរ​របស់​យើង រក​ឃើញ​ទម្លាប់​ជា​អ្នក​មាន មិន​ថា​ពួកគាត់​ពេល​នេះ​ជា​អ្នកក្រ បើ​សិន​ជាពួកគាត់​រក​ឃើញ​ទម្លាប់​អ្នក​មាន គឺ​គាត់​កសាង​ទម្លាប់​អ្នក​មាន​ទៅ នឹង​អាច​ក្លាយ​ជា​អ្នក​មាន។ បើ​សិន​ជា​គាត់​ជា​អ្នក​មាន​ គឺ​នឹង​អាច​រក​ឃើញ​ទម្លាប់​អ្នក​មាន​ពិត​ប្រាកដ ដើម្បី​កសាង​ភាព​មាន​បាន​ឱ្យ​រឹងមាំ ​គង់វង់​យូរ​អង្វែង។

លោកបន្ថែមទៀតថា គោល​បំណង​ដ៏​សំខាន់​បំផុត​នោះ​គឺ យើង​ចង់​ឱ្យ​ប្រទេសកម្ពុជា​របស់​យើង បង្កើត​អ្នក​មាន​ដ៏​ល្អ ដើម្បី​ចូល​រួម​ជួយ​អភិវឌ្ឍ​សង្គម​ជាតិ។

សូម​បញ្ជាក់​ថា ​ទិវាភាពជាអ្នកមាន ប្រចាំឆ្នាំ​២០២២ ​​ត្រូវ​បាន​ធ្វើ​ឡើង​​​នៅ​​​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ ​​ចាប់​ពី​វេលា​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៧​យប់ នៅ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដែល​មាន​ការ​ចែក​រំលែក​ពី​វាគ្មិន​​​ ជា​អគ្គនាយក​ក្រុមហ៊ុន អគ្គនាយិកា និង​ឧកញ៉ា ជា​ច្រើន​រូប​ផង​ដែរ៕