ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអង្គសនិ្នបាតរបស់ក្រសួងការបរទេស ជាពិសេសចំពោះសមិទ្ធផលជាច្រើនដែលក្រសួងបានខិតខំប្រឹងប្រែងទទួលបានជោគជ័យកន្លងមក។ សម្តេចតេជោ បានបង្ហាញពីកិច្ចការសំខាន់ៗនៃទំនាក់ទំនងការបរទេសរបស់កម្ពុជាជាមួយបណ្តាប្រទេសលើពិភពលោក។
ដោយសម្តេចមានប្រសាសន៍ថា កម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការ ទំនាក់ទនង និងភាពជាដៃគូល្អប្រសើរ ដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើត និងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឍឹមបូព៌ា និងអាមេរិកឡាទីន។
ជាមួយគ្នានោះ សម្តេចតេជោក៏បានអរគុណប្រទេសជាមិត្តនានាដែលបានផ្តល់ជំនួយនិងកិច្ចសហប្រតិបត្តិការល្អក្នុងការជួយអភិវឌ្ឍធនធានមនុស្សតាមរយៈអាហារូបករណ៍ ទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរបទពិសោសន៍ ការរៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាការផ្តល់បាឋកថា ចែករំលែកចំណេះដឹង និងទស្សនទាននានា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា កិច្ចប្រជុំកំពូល ASEM លើកទី១៣ខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងការទូតធំបំផុតសម្រាប់កម្ពុជាយើង។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់កម្ពុជាបញ្ជាក់ក្នុងកំរិតខ្ពស់បំផុតនូវការបេ្តជ្ញារបស់ខ្លួនចំពោះការពង្រឹងប្រព័ន្ធពហុភាគីនិយម ការចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់ពិភពលោកក្នុងការដោះស្រាយការប្រឈមជាសកល និងការចូលរួមស្វែងរកកាលានុវត្តភាពក្នុងការធ្វើឱ្យប្រសើរនូវសេដ្ឋកិច្ចពិភពលោក។ កម្ពុជាប្តេជ្ញានឹងសម្រេចកិច្ចការនេះប្រកបដោយកិត្តិយស និងជោគជ័យ។
តាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក ហើយមានស្ថានតំណាងប្រចាំបរទេសចំនួន៦៣។ តាមរយៈទិសស្លោក «កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យជាតិ» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញ ពិតជាសមស្របបំផុតទៅនឹងការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕