តាមរយៈអនុក្រឹត្យលេខ ៤៨០ អនក្រ.តត ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនលោក ទេព ង៉ែតពិសាល ឱ្យបំពេញមុខងារជា “អគ្គនាយករង” នៃអគ្គនាយកដ្ឋានសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គួរបញ្ជាក់ថា លោក ទេព ង៉ែតពិសាល គឺជាកូនប្រុសបង្កើតរបស់ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មុនឡើងកាន់តំណែងជាអគ្គនាយករងនេះ លោក ង៉ែតពិសាល មានតួនាទីជាអនុប្រធាននាយកដ្ឋានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ របស់ក្រសួងដែនដីផងដែរ។

ទោះបីកើតក្នុងគ្រួសារកូនអ្នកធំ និងមានជីវភាពធូរធារពិតមែន ប៉ុន្តែលោក ទេព ង៉ែតពិសាល ត្រូវបានគេមើលឃើញថា ជាមនុស្សសាមញ្ញ រួសរាយរាក់ទាក់ ចេះជួយអ្នកដទៃច្រើន ឧស្សាហ៍ និងម៉ត់ចត់នឹងការងារ ជាពិសេស លោកសកម្មនឹងការងារសង្គម។ ពេលទំនេរពីការងារ មន្ត្រីវ័យក្មេងពោរពេញដោយសមត្ថភាពរូបនេះ តែងតែចំណាយពេលជាមួយគ្រួសារ ដែលលោកមានកូនស្រីពីរនាក់ និងចំណាយពេលខ្លះដើម្បីលេងកីឡាជិះកង់ នៅចុងសប្តាហ៍៕





